(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញលោក សុខ ពេញវុធ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ បានចុះធ្វើយុទ្ធនាការសម្អាតទីក្រុង ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» ដើម្បីអបអរសាទរក្នុងថ្ងៃទិវាទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧នេះ។
យុទ្ធនាការនេះ មានការចូលរួមពីក្រុមការងារគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត គណៈអភិបាលខណ្ឌ ប្រជាពលរដ្ឋតំណាងសង្កាត់ទាំង១១ យុវជន ស.ស.យ.ក ខណ្ឌ-សង្កាត់ទាំង១១ ភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ ក្រុមយុវជនកាយរិទ្ធកម្ពុជា ក្រុមយុវជនកាកបាទក្រហមកម្ពុជា បុគ្គលិកសណ្ឋាគារ រ៉ូសហ៊ូត កម្លាំងប្រជាការពារខណ្ឌ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមហាជនសរុបចំនួន ៤៥០នាក់។
ក្នុងពិធីនោះក៏មានការផ្សព្វផ្សាយខ្លឹមសារ អបអរសាទរទិវាជាតិ ទីក្រុងស្អាតរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងបានធ្វើការបែងចែកជា ៣ក្រុមធំៗ ចុះតាមសួនច្បារ ដងវិថីសំខាន់ៗ ដូចជា ជុំវិញរមណីយដ្ឋានប្រវត្តិសាស្រ្ដ និងវប្បធម៌វត្តភ្នំ សួនច្បារសាន់វ៉េ សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) សួនច្បារខាងមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសួនច្បារមាត់ទន្លេចាប់ពីខាងមុខផ្សាររាត្រី រហូតដល់ខាងមុខព្រះបរមរាជ្យវាំង សួនច្បារមុខស្ថានទូតបារាំង និងក្នុងរដ្ឋាករស្វយ័តផ្សារធំថ្មី ផងដែរ៕