(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះស្តីពី «គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាណត្តិថ្មី ឆ្នាំ២០១៧» បន្ទាប់ពីកិច្ចសន្យាចាស់ របស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon អស់សុពលភាពកាលពីខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទីសហព័ន្ធបាល់ទាត់កម្ពុជា។
ជុំវិញការគ្រោងប្រកាសសមាសភាពគ្រូបង្វឹកក្រុមដែលមានរហស្សនាមថា «គោព្រៃកម្ពុជា» អាណត្ដិថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះ លោក ម៉ៃ តុលា មិនបានបង្ហើបពីតម្រុយគ្រូបង្វឹកថ្មីឡើយ ខណៈជោគវាសនារបស់គ្រូបង្វឹក ៣ជំនាន់លោក Lee Tae Hoon ក៏មិនទាន់ច្បាស់ថា ត្រូវចាកចេញ ឬសហព័ន្ធបន្ដទំនុកចិត្តឲ្យលោក ដឹកនាំទៀតដែរ គឺមានតែពាក្យចាំអ៊ុតលទ្ធផលនៃសន្ដិសីទសារព័ត៌មានស្អែកនេះតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីអាណត្តិឆ្នាំ២០១៦ ក្រុមជម្រើសជាតិកម្ពុជា គឺដឹកនាំដោយលោក Lee Tae Hoon ហើយបុរសជនជាតិកូរ៉េវ័យ ៤០ឆ្នាំប្លាយរូបនេះ ធ្លាប់បានចុះកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិកម្ពុជាចំនួន ៣លើកមកហើយ ដោយលើកទី១ កិច្ចសន្យាចាប់ពីខែសីហា ឆ្នាំ២០១០ ដល់ខែកក្កដា ឆ្នាំ២០១២ ហើយលើទី២ កិច្ចសន្យាចាប់ផ្ដើមពីដើមខែសីហា ឆ្នាំ២០១៣ ដល់ចុងខែកក្កដា ឆ្នាំ២០១៥ និងលើកទី៣ ចាប់ពីខែសីហា ឆ្នាំ២០១៥ ដល់ចុងខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោក Lee ធ្លាប់ដឹកនាំក្រុមយុវជន U-21, ក្រុម U-23 និងក្រុមជម្រើសជាតិឈុតធំ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិជាច្រើន ដូចជាការចូលរួមប្រកួតជម្រុះពានរង្វាន់ World Cup Qualifier ឆ្នាំ២០១៤ និងឆ្នាំ២០១៨, ពាន SEA Games ឆ្នាំ២០១១, ឆ្នាំ២០១៣ និងឆ្នាំ២០១៥, ពាន BIDC Cup ឆ្នាំ២០១១ និងឆ្នាំ២០១៣, ពាន AFF Suzuki Cup ឆ្នាំ២០១០, ឆ្នាំ២០១៤ និងឆ្នាំ២០១៦ រួមទាំងពានរង្វាន់អន្ដរជាតិមួយចំនួនទៀត។
ប៉ុន្ដែអ្វីដែលជាស្នាដៃដ៏ល្អគួរឲ្យចាប់អារម្មណ៍នោះ គឺលោក Lee បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាបង្កើតប្រវត្តិសាស្ដ្រថ្មី ឡើងទៅជុំទី២ លើកដំបូង វគ្គព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ក្រោយយកឈ្នះក្រុមជម្រើសជាតិកោះម៉ាកាវទាំង ២ជើងដោយលទ្ធផល ៤-១ ខណៈគ្រូបង្វឹកដទៃ បានធ្លាក់ត្រឹមវគ្គជម្រុះជុំទី១ ប៉ុណ្ណោះ។
ដូច្នេះចាំមើលតើលោក Lee អាចទទួលបានកិច្ចសន្យាថ្មីធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាជាលើកទី៤ ដែលឬទេ នៅក្នុងសន្និសីទសារព័ត៌មានស្អែកនេះ? ចុះបើមិនមែនជាលោក Lee តើជនជាតិអ្វីនឹងមកដឹកនាំក្រុមកំពុងឡើងជើងមួយនេះ?