(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន១,៣៨៩,៨៨៨ដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាល​ជប៉ុនចំនួន៣ ក្រោមគ្រោងការណ៍ នៃជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន លើគម្រោងបោសសម្អាតកាកសំណល់ជាតិផ្ទុះ, ពង្រឹងសហគមន៍កសិកម្ម និងការលើកកម្ពស់សុខភាពប្រជាជន។

អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៣រួមមាន៖

១៖ ថវិកាចំនួន ៥៤២,០៥០ដុល្លារអាមេរិក ផ្តល់ជូនដល់អង្គការ «សកម្មភាពកម្ចាត់មីនជប៉ុន(JMAS) សម្រាប់គម្រោង​បង្កើនសមត្ថភាពក្រុមបោសសម្អាតកាក​សំណល់ជាតិផ្ទុះពីសង្រ្គាមរបស់ CMAC» ដំណាក់កាលទី៣ ថវិកាចំនួន​៣៨១,៤០៧ដុល្លារអាមេរិក ផ្តល់ជូនដល់អង្គការ IVY សម្រាប់គម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រឹង​ទីផ្សារ​នៃផលិតផលសរីរាង្គរបស់សហគមន៍កសិកម្ម ក្នុង២ខេត្ត ដំណាក់កាលទី២ និងថវិកាចំនួន៤៦៦,៤៣១ដុល្លារអាមេរិក ផ្តល់ជូនដល់អង្គការ World Vision Japan សម្រាប់គម្រោងលើកកម្ពស់សុខភាពមាតា និងទារកក្នុងខេត្តតាកែវ ដំណាក់កាលទី១។

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខាដោយ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក ស៊ីបាតា មិគីអុ ប្រធានតំណាងអង្គការJMAS លោកស្រី ម៉ាត់ស៊ូអ៊ូរ៉ា អាយូមិ ប្រធានគម្រោងអង្គការ IVY និងលោក ម៉ាត់ស៊ូអុកា តាគូយ៉ា ប្រធានគម្រោងអង្គការ World Vision Japan នៅស្ថានទូតជប៉ុន។

២៖ នៅក្នុងគម្រោងបង្កើនសមត្ថភាពក្រុមបោសសម្អាតកាកសំណល់ជាតិផ្ទុះ ពីសង្រ្គាមរបស់ CMAC ដំណាក់កាលទី៣នេះ អ្នកជំនាញរបស់អង្គការ JMAS នឹងបន្តសកម្មភាពបណ្តុះបណ្តាលបន្ថែមទៀត នៅតំបន់ដែលនៅសល់​កាកសំណល់​ជាតិផ្ទុះពី សង្រ្គាមក្នុងគោលបំណងបង្កើនសមត្ថភាពបន្ថែម ដល់ក្រុមអន្តរាគមន៍បោសសម្អាត​កាកសំណល់ជាតិផ្ទុះ​ពីសង្រ្គាម(ERWI) និងគ្រូបង្រៀនរបស់CMAC ព្រមទំាងពិនិត្យនូវលទ្ធភាព នៃការផ្ទេរជំនាញផ្នែកបច្ចេកវិជ្ជាចុងក្រោយបំផុត ដូចជា ការប្រើប្រាស់ យន្តហោះគ្មានមនុស្សបើក(Drones)ជាដើម។

ជាមួយនឹងគម្រោងនេះ ប្រជាជនប្រមាណជា ២៤០,០០០នាក់នៅក្នុងតំបន់គោលដៅ នឹងរួចផុតពីការភ័យខ្លាច ដោយសារ កាកសំណល់ជាតិផ្ទុះពីសង្រ្គាមទំាងអស់នោះ ហើយគម្រោងនេះ នឹងរួមចំណែកក្នុងការកែលម្អបរិស្ថាន​រស់នៅ​របស់ប្រជាជន ប្រកបដោយស្ថិរភាព និងអភិវឌ្ឍសហគមន៍ជាបន្តទៅទៀត។

៣៖ នៅក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រឹងទីផ្សារ នៃផលិតផលសរីរាង្គ របស់សហគមន៍កសិកម្​មក្នុង២ខេត្ត នៅដំណាក់កាលទី២ អង្គការIVY នឹងពង្រឹងសមត្ថភាពគ្រប់គ្រងដល់សហគមន៍កសិករ និងសម្ព័ន្ធ​សហគមន៍កសិករនៅក្នុង ខេត្តព្រះវិហារ ព្រមទំាងជួយលើកស្ទួយគុណភាពអង្ករសរីរាង្គ និងបង្កើតប្រព័ន្ធ​គ្រប់គ្រងផ្ទៃក្នុងមួយ ដើម្បីទទួលបាន វិញ្ញាបនប័ត្រអង្ករសរីរាង្គ។ ដោយផ្តោតលើមជ្ឈមណ្ឌល​ប្រមូលផ្តុំកសិផល​ស្វាយរៀង(SAC) ដែលត្រូវបានសាងសង់នៅ ដំណាក់កាលទី១នៃគម្រោងនេះ ហើយបានក្លាយជាគំរូឈានមុខមួយ អង្គការIVY នឹងជួយ SACក្នុងការលើកស្ទួយតម្លៃបន្ថែម លើផលិតផល របស់ខ្លួនប្រកបដោយនិរន្តរភាព ដើម្បីឲ្យSACអាចដើរតួនាទីជាគំរូមួយកាន់តែ ជោគជ័យសម្រាប់សហគមន៍ កសិកម្មដទៃទៀត។

នៅក្នុងគម្រោងលើកកម្ពស់សុខភាពមាតា និងទារក ក្នុងខេត្តតាកែវ ដំណាក់កាលទី១នេះ អង្គការWorld Vision Japan នឹងផ្តល់នូវការបណ្តុះបណ្តាលសម្រាប់បុគ្គលិក និងអ្នកស្ម័គ្រចិត្តសុខាភិបាល និងការអប់រំផ្នែកសុខភាពដល់មាតា នៅក្នុង ស្រុកប្រតិបត្តិគិរីវង់ និងស្រុកប្រតិបត្តិកោះអណ្តែត ខេត្តតាកែវ ក្នុងគោលបំណងដើម្បី​លើកកម្ពស់គុណភាព​និងការទទួលបាន នូវសេវាសុខភាពអោយកាន់តែល្អប្រសើរ និងកាត់បន្ថយអនុបាតកុមារដែលខ្វះអាហារូបត្ថម្ភ និងជំងឺនានា ដែលឆ្លងតាមទឹក មិនស្អាតជាដើម។ គម្រោងនេះ នឹងធ្វើការបំពាក់សម្ភារបរិក្ខារសម្រាប់បន្ទប់ក្រោយសម្រាល និងការកែលម្អបរិក្ខារអនាម័យ នៅតាមមណ្ឌលសុខភាព ក្នុងស្រុកប្រតិបត្តិទំាង២។

គម្រោងដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ គឺជាគម្រោងទី៤ ទី៥ និងទី៦ តាមរយៈគ្រោងការណ៍ នៃជំនួយនេះនៅ ប្រទេសកម្ពុជា សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០១៦របស់ជប៉ុន (មេសា២០១៦ ដល់ មិនា២០១៧)។

គួរបញ្ជាក់ថា កម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍនិង ស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ២៨.៤លានដុល្លារអាមេរិក ដល់គម្រោងចំនួន៩៩ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន៕