Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តកូរ៉ូឡា ព្រលះហុងដាឌ្រីម​ចំពេញទំហឹង នៅខេត្តកំពត ប៉ើងអ្នក​ជិះម៉ូតូបណ្ដាល​ឲ្យរងរបួស​៣នាក់

01-03-2017 07:57

(កំពត)៖ រថយន្ដកូរ៉ូឡា បើកបរក្នុងល្បឿនលឿនពេកមិនប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកចំម៉ូតូហុងដាឌ្រីម១គ្រឿង ពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូចំនួន៣នាក់ ប៉ើកធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល នៅចំណុចខាងមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត។

មន្ត្រីនរគបាលចរាចរណ៍ក្រុងកំពត បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ រថយន្ដបង្កហេតុពាក់ស្លាកលេខ ភ្នំពេញ 2AE-9558។ រីឯម៉ូតូរងគ្រោះពាក់ស្លាកលេខ 1B-5945 ចំណែកជនរងគ្រោះទាំង៣នាក់ ដែលបានជិះម៉ូតូ ទី១.ឈ្មោះ ផេង សុភ័ក្ដ អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ រងរបួសលើផ្ទៃមុខ និងបែកបបូរមាត់។ ទី២.ឈ្មោះ ថាន់ សារ៉ាវុធ អាយុ១៩ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ រងរបួសដាច់ខ្មងជើងខាងស្ដាំ និងទី៣.ឈ្មោះ ជន រ័ត្ន អាយុ១៩ឆ្នាំ រស់នៅភូមិវត្តពោធិ៍ ស្រុកទឹកឈូ ជាអ្នកបើកបរ រងរបួសដាច់មេជើងខាងឆ្វេង។

មន្ត្រីនគរបាលដដែលបានបន្តថា រថយន្ដបង្កបានបើកបរក្នុងល្បឿនលឿនពេក ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុច​កើតហេតុ មានម៉ូតូមួយគ្រឿងបានបើកឆ្លងផ្លូវដោយមិនមើលឆ្វេងស្តាំ ក៏ជ្រុលទៅបុកចំកណ្ដាលពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលបោកទៅលើថ្នល់។

បន្ទាប់ពីបានបង្កហេតុហើយ ម្ចាស់រថយន្ដបានព្យាយាមបន្ថែមល្បឿន បើករត់គេច តែត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បើកម៉ូតូដេញតាមពីក្រោយរហូត ដល់មុខមន្ទីរផែនការខេត្តកំពត ក៏ឃើញរថយន្ដបង្កចតទុកចោលនៅទីនោះ តែត្រូវបានម្ចាស់រថយន្តឡុកសោរ ហើយចុះរត់គេខ្លួនបាត់។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះវាស់វែង ហើយនាំយករថយន្ដបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននរគបាលក្រុងកំពត ដើម្បីរងចាំម្ចាស់រថយន្ដចូលខ្លួន មកដោះស្រាយជាមួយជនរងគ្រោះតាមផ្លូវច្បាប់៕