(សៀមរាប)៖ ពាក់បញ្ហាបំណុលអាមេរិក, ជាថ្មីម្តងទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ខ្លាំងៗចំពោះមហាអំណាច អាមេរិកថា បានយកគ្រាប់បែកមកទម្លាក់លើក្បាលកម្ពុជាហើយ បែរជាត្រូវមកទារបំណុលពីកម្ពុជាថែមទៀត, ចំពោះករណីនេះសម្តេចមិនទាន់បាន លើកសំណើរទៅកាន់ប្រធានាធិបតីថ្មីរបស់អាមេរិក លោក ដូណាល់ត្រាំ ដើម្បីឲ្យលុបបំណុលនៅឡើយនោះទេ។
ការថ្លែងរិះគន់ចំៗ ទៅដល់អាមេរិកជាថ្មីនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារអង្គរអេរ៉ា ក្នុងខេត្តសៀមរាប-អង្គរ។
ថ្លែងចំពោះមុខជនបរទេស ដែលអញ្ជើញមកពីបណ្តាប្រទេសជាច្រើន លើពិភពលោក សម្តេចតេជោ ហ៊ុន សែន ថ្លែងធ្ងន់ៗថា នៅកម្ពុជាគ្រាប់បែក អាមេរិកាំង នៅបន្តធ្វើឲ្យកុមារកម្ពុជាច្រើន ណាស់ស្លាប់បាត់បង់ជីវិត។ លើសពីនេះអាមេរិកថែមទាំងតាមទារបំណុលថ្លៃគ្រាប់បែកដែល ទម្លាក់លើកម្ពុជាថែមទៀត។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្រៅពីទារបំណុលពីកម្ពុជាហើយ អាមេរិកបានណែនាំឲ្យ IMF មិនបញ្ចេញលុយជួយកម្ពុជា។ សម្តេចថា បើអត់លុយ IMF ក៏កម្ពុជាមិនស្លាប់នោះឡើយ។ សម្តេចអំពាវនាវឲ្យកូនខ្មែរទាំងអស់ក្រោកឡើងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែខ្លាំងក្លា ដើម្បីចៀសវាងការមើលងាយពីប្រទេសដទៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អាមេរិកបង្កហេតុលើប្រទេសខ្ញុំ ហើយទារលុយខ្ញុំទៀត។ ខ្ញុំមិនបានទាន់លើកសំណើផ្លូវការ ទៅប្រធានាធិបតីថ្មី របស់អាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឲ្យលុបបំណុលកម្ពុជា។ រឿងយកគ្រាប់បែកទម្លាក់លើក្បាលកម្ពុជា ហើយត្រូវឲ្យកម្ពុជា សងលុយទៀត អានេះវ៉ៃទារលុយ។ មិនដឹងប្រទេសដទៃយ៉ាងម៉េច ចំពោះប្រទេសខ្ញុំវាអីចឹង គេយកគ្រាប់បែកទម្លាក់លើក្បាល យើងហើយ គេប្រាប់ឲ្យយើងសង ដល់យើងមិនទាន់បានសង ប្រាប់ IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ) កុំឲ្យខ្ចីលុយ។ អើ! មិនឲ្យខ្ចីទេ ខ្ញុំមានសេដ្ឋកិច្ច ៧ភាគរយ អត់មាន IMF ចូលរួមចំណែកទេ។ អត់ IMF ក៏វាមិនងាប់ខ្មែរដែរ»។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖