(ព្រះសីហនុ)៖ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំប្រចាំឆ្នាំជាមួយសមាជិក សមាជិការសមាគមរបស់ខ្លួនចំនួន១០១នាក់ នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។

លោក ទៀ សុខា ថ្លែងនៅក្នុងឱកាសនោះថា សព្វថ្ងៃនេះចលនាយុវជនកម្ពុជា ក្រុម១៥៧ កំពុងតែល្បីទាំងក្នុងនិងក្រៅប្រទេស ជាពិសេសសហរដ្ឋអាមេរិក មានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនិងសកម្មភាពសប្បុរសធម៌នានា របស់សមាគមទាំងការចែក អំណោយដល់ស្ត្រីម៉េម៉ាយ កុមារកំព្រា យុទ្ធជនពិការ អ្នកជំងឺ ទាំងការជួយក្នុងសកម្មភាពសង្គម ក្នុងការថែរក្សាអនាម័យបរិស្ថានជាដើម។

ជាមួយនិងសកម្មភាពដ៏ល្អ និងការចាប់អារម្មណ៍ដ៏ច្រើនពីមហាជនលោក ទៀ សុខា ក៏បានណែនាំឲ្យសមាជិក សមាជិកា ដែលបានចូលរួមក្នុងអង្គពិធី ឲ្យខិតខំបង្កើនកិច្ចប្រឹងប្រែងការងារសប្បុរសធម៌របស់ខ្លួនឲ្យបានខ្លាំងក្លាបន្ថែមទៀតផងដែរ៕