(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បានថ្លែងរិះគន់ចំៗ ទៅកាន់សហរដ្ឋអាមេរិក ដែលបានបញ្ជូនកងទ័ពយ៉ាងច្រើនទៅក្រៅប្រទេស ដើម្បីឈ្លានពានដល់ប្រទេសដទៃ។ សម្តេចបានចាត់ទុកថា ការបញ្ជូនទ័ពទៅក្រៅប្រទេស បង្កើតសង្រ្គាមហើយ បានបង្កឱ្យកុមារជាច្រើនរងគ្រោះ ជាពិសេសបទពិសោធន៍នៅតំបន់ឥណ្ឌូចិនកន្លងមក។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទ អន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ។ វេទិកានេះ បាននិយាយអំពីផលវិបាករបស់ កុមារនៅប្រទេសមួយចំនួន ជាពិសេសនៅក្នុងបណ្តាប្រទេសមានសង្រ្គាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើមានសន្និសីទអន្តរជាតិកាន់តែច្រើន យើងគួរតែដំឡើងសំឡេង ឱ្យកាន់តែច្រើនផងដែរ អំពីបណ្តាប្រទេស ដែលដើរឈ្លានពានគេ ហើយគិតតែសម្លាប់កុមារនោះ។ តើប្រទេសណាបានធ្វើច្រើនជាងគេនៅលើលោកនេះ ដែលបង្កើតឱ្យមានសោកនាដកម្មទៅលើកុមារ។ ប្រទេសណា ដែលនាំកងទ័ពទៅឈ្លានពានប្រទេសគេ ប្រទេសហ្នឹងឯងដែល ធ្វើបាបកុមារច្រើនជាងគេនោះ»។
សម្តេចបានបន្ថែមថា៖ «ពេលដែលអាមេរិកឈ្លានពានកម្ពុជា តើមានកុមារប៉ុន្មានទៅដែលបានស្លាប់ ខ្លះពិការ និងបង្កើតស្ថានភាពខ្វះអាហារូបត្ថម្ភ។ កុមារនៅឥណ្ឌូចិន ទាំងកម្ពុជា ឡាវ វៀតណាម រហូតដល់ឥឡូវមិនទាន់អស់។ គ្រាន់តែជាតិគីមី បានធ្វើឱ្យកុមារកើតមកមិនគ្រប់ ឆែបមាត់។ អាហ្នឹងមកពីអ្វី យើងគួរតែមានសំឡេងរួមមួយ ដើម្បីថ្កោលទោស ពួកឈ្លានពាន»។
កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដ៏រ៉ាំរ៉ៃ បន្ទាប់ពីមានរដ្ឋប្រហារ ដែលគាំទ្រដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៧០។ រដ្ឋប្រហារនោះ ត្រូវបានដឹកនាំដោយ លោកសេនាប្រមុខ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ បង្កជាសង្រ្គាមហូរហែ ដែលក្រោយមកទៀត ក៏កើតមានខ្មែរក្រហមងើបប្រឆាំងនឹងលន់ នល់ ធ្វើឱ្យកម្ពុជាជួបសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ក្នុងប្រវត្តិសាស្រ្ត។
បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បាននិយាយថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ដែលបានសម្លាប់ពលរដ្ឋ និងកុមារកម្ពុជារាបសែននាក់ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែក នៅកម្ពុជាជិត ២លាន៨សែនតោនពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ។ ចំនួនគ្រាប់បែកនេះមិនទាន់ត្រឹមត្រូវទេ ព្រោះវាបាត់រយៈពេលជិត៥ឆ្នាំ ដែលមិនទាន់បញ្ចេញ ទិន្នន័យនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «យើងគួរតែកុំខ្លាចនឹងនិយាយចំឈ្មោះប្រទេសដែលឈ្លានពានគេ បើមិនដូច្នោះទេ យើងគ្រាន់តែបន្ទោសតែខ្លួនឯងហ្នឹង តែគ្នាឯងហ្នឹង ប៉ុន្តែអ្នកបង្កហេតុយើងមិនបន្ទោស»។..«នៅកម្ពុជាមានក្មេងរងគ្រោះច្រើនណាស់ ដោយសារគ្រាប់មិនទាន់ផ្ទុះ ដោយសារតែមិនបានស្គាល់គ្រាប់ ហើយយកមកដំលេង ហើយនេះនរណា? គឺអាមេរិកាំង គ្រាប់បែកអាមេរិក។ អញ្ចឹងបានខ្ញុំថា ល្មមដល់ពេលដែលយើងហ៊ាននិយាយការពិត»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖