(ឧត្តរមានជ័យ)៖ លោក ស ថាវី ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងលោក យឺម ធិន អនុប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្តឧត្តរមានជ័យ ព្រមទាំងប្រតិភូអមដំណើរ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ចើញចុះចែកអំណោយមនុស្សធម៌ កាកបាទក្រហម ដល់ក្រុមគ្រួសារចំនួន៧៥គ្រួសារ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីចុងខែកុម្ភៈ នៅភូមិគោកច្រេស មានចំនួន៤៤គ្រួសារ និងភូមិកសិពោធិ៍វង្សចំនួន៣១គ្រួសារ។
លោក ស ថាវី ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំង២តែងតែយកចិត្តទុកដាក់គ្រប់វិនាទី អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះនៅដល់ទីណាក៏ដោយ ឬគណបក្សនយោបាយណាក៏ដោយ។
លោកក៏បានជំរុញឲ្យក្រុមការងារគ្រប់មន្ទីរ-អង្គភាព ត្រូវយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ពិសេសក្នុងរដូវវស្សាខាងមុខនេះ និងសូមឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានល្អ និងកាត់ទទួលទានទឹកស្អាតឲ្យបានជាប្រចាំ លោកក៏បានចែកជូនអំណោយដោយផ្ទាល់ ជូនគ្រសារជនរងគ្រោះ នៅភូមិកសិពោធិ៍វង្ស ចំនួន៣១គ្រួសារ។ ពលរដ្ឋទាំង៧៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យួរ ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រម៉ា១ និងថវិកាមួយចំនួន៕