(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ក ពន្លក នាយរងខណ្ឌជលផល បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពឆក់ ត្រីតាមដង ទន្លេមេគង្គ ក្បែរអន្លង់ផ្សោតកាំពី ត្រង់ចំនុចអន្ទង់វៀន ស្រះត្រពាំង ភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ការចុះប្រតិបត្តិការខាងលើនេះ មានការចូលរួមពីកម្លាំងជំនាញជលផលសហការ ជាមួយគណៈបញ្ជាការឯកភាពស្រុកចិត្របុរី នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅពេលដែលពួកគេកំពុងធ្វើសកម្មភាពជាក់ស្តែង។

លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេអភិរក្សសត្វផ្សោតខេត្ត បានឲ្យដឹងថា ក្នុងការបង្រ្គាបនេះដោយ មានកាចង្អុលបង្ហាញពីលោក សរ ចំរុង អភិបាលខេត្តក្រចេះ និងលោកអភិបាលស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែចង្អុលបង្ហាញ និងជំរុញឲ្យមន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលខេត្ត ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ នៅក្នុងដែនអភិរក្យសត្វផ្សោត និងអន្លង់ត្រីមេពូជនៅក្នុងខេត្តក្រចេះ ជាពិសេសអន្លង់សត្វផ្សោតកាំពី។

លោកនាយរងខណ្ឌបានបន្តថា ការចុះបង្ក្រាបពេលនេះ គឺលោកបានដឹកនាំកម្លាំងមន្ត្រីជលផល និងកម្លាំងអាវុធហត្ថពួនស្ទាក់ជាច្រើនម៉ោង ទើបប្រទះឃើញជនសង្ស័យធ្វើសកម្មភាពតាមដងទន្លេពីលើ មកក្រោមពេលមកដល់ចំនុចពួនស្ទាក់ សមត្ថកិច្ចចាប់ឃាត់បានម្នាក់ រីឯម្នាក់ទៀតបានលោតទឹកហែលឡើងលើកោះគេចខ្លួនបាត់ស្រមោល ហើយជនសង្ស័យដែល ឃាត់ខ្លួនបាននោះមានឈ្មោះ សូ ណាឡាយ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងការឃាត់ចាប់ជនសង្ស័យខាងលើ គឺសមត្ថកិច្ចដកហូតនិងរឹបអូសបានដូចជា៖ ទូកម៉ាស៊ីនកម្លាំង១៣សេះចំនួន០១គ្រឿង អាំងវែកទ័រឆក់ត្រីប្រភេទស្រូប០១គ្រឿង អាគុយ៧០អាំពែរ០២គ្រឿង ដងឆក់និងកន្ត្រង់ដងត្រីចំនួន០២ ព្រមទាំងត្រីចម្រុះប្រមាណ០៣គក្រផងដែរ។

លោក ម៉ក ពន្លក បញ្ជាក់បន្ថែមទៀតថា ក្នុងនាមមន្រ្តីក៏ដូចអាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យចូលរួមក្នុងការថែរក្សាការពារអភិរក្សធនធាន ជលជាពិសេស អភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលបច្ចប្បន្ននៅខេត្តក្រចេះ មានសត្វផ្សោតពី៦០ ទៅ៦៥ក្បាល ឲ្យថិតថេគង់វង់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងន័យលើកស្ទួយជីវភាពរបស់ពួកគាត់ ហើយសូមឲ្យអ្នកនេសាទទាំងអស់ កុំទៅនេសាទខុសច្បាប់ នៅអន្លង់អភិរក្សសត្វផ្សោត និងអន្លង់អភិរក្សត្រីមេពូជជាដើម ដើម្បីឲ្យគង់វង់នៅពេលអនាគត៕