(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាច្រើនគ្រួសារបាននាំគ្នាធ្វើការសំណូមពរតាមរយៈ Fresh News សូមអោយលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ជួយមានចំណាត់ការប្រកាសអោយប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំរបស់ពួកគាត់បានធ្វើការនេសាទ និងអាស្រ័យផល នៅលើទីតាំងដីក្បាលអាងទឹកបឹងធំដែលមានទីតាំងនៅខាងលិចផ្លូវជាតិលេខ១ ចន្លោះស្ពានព្រែកតាកែវ និងព្រែកយួន ដូចដើមឡើងវិញផង ព្រោះបច្ចុប្បន្នដីក្បាលអាងទឹកសាធារណៈរបស់រដ្ឋនេះ ត្រូវបានមន្ត្រីអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាលក់ទៅអោយឈ្មួញអស់ ទៅហើយពួកគាត់មិនអាចចូលនេសាទ និងអាស្រ័យផលបាននោះទេ។
អ្នកភូមិព្រែកតាកែវបានថ្លែងអោយដឹងថា នៅក្នុងឃុំសំរោងធំទាំងមូលគឺមានអាងបឹងស្តុកទឹកសាធារណៈរបស់រដ្ឋចំនួន២ ទុកសំរាប់ អោយប្រជាពលរដ្ឋយកទឹកធ្វើស្រែ ចំការ និងធ្វើការនេសាទដោះស្រាយជីវភាពប្រចាំថ្ងៃជាដើម គឺក្បាលអាងទឹកបឹងធំខាងលើ និងអាង ទឹកបឹងឆ្ដោដែលមានទីតាំងនៅខាងកើត។ ដោយឡែកក្បាលអាងទឹកបឹងធំដែលមានទំហ៊ំផ្ទៃដីប្រមាណ២០០ហិកតា បន្សល់ទុកតាំងពីជំនាន់ ប៉ុលពត មកនេះ ក្រោយបែក អាពត ប្រជាជនបានប្រើប្រាស់ជាសាធារណៈ ដូចជាយកទឹកស្រោចស្រប និងនៅជាយៗអាងទឹក ប្រជាជនធ្វើស្រូវប្រដេញទឹក ឬធ្វើចំការ និងធ្វើការនេសាទដោយសេរី មិនមានជាកម្មសិទ្ធិរបស់បុគ្គលណាផ្ដាច់មុខនោះទេ តែក្រោយ មកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែមានឈ្មួញទៅពីភ្នំពេញ ដែលគេស្គាល់ឈ្មោះ ហ៊ ហ៊ុយ បានចុះទៅប្រមូលទិញដីនៅជុំវិញក្បាលអាងទឹកបឹងធំនោះ រួចហើយឃុបឃិតគ្នាជាមួយមន្ត្រីអាជ្ញាធរភូមិ ឃុំ ស្រុកជាដើមធ្វើការទិញ លក់ដីក្បាលអាងទឹកបឹងធំទាំងមូលតែម្ដង។
បច្ចុប្បន្ននេះ ដោយសារក្បាលអាងទឹកបឹងធំនេះ ត្រូវបានអាជ្ញាធរឃុបឃិតលក់អោយឈ្មួញទៅពីភ្នំពេញនោះ ទើបឈ្មួញបានធ្វើការហាម ឃាត់មិនអោយប្រជាពលរដ្ឋចូលអាស្រ័យផល ឬធ្វើការនេសាទជាដើម។ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នឈ្មួញដែលគ្រប់ គ្រងក្បាលអាងទឹកបឹងធំនេះ បានលក់ទីតាំងខាងលើទៅអោយប្រជាពលរដ្ឋដែលចង់ចូលបេះស្លឹក ផ្កា និងផ្លែឈូក ជាពិសេសប្រជាជន ដែលចូលទៅរកត្រីតែម្ដង ដោយសារតែបឹងនេះសំបូរត្រី ឈ្មួញជាម្ចាស់បានកាត់ជាឡូត៍ ជាប្រឡាយលក់អោយប្រជាជនធ្វើការនេសាទ ក្នុងមួយឆ្នាំៗ បានលុយរាប់មុឺនដុល្លារយកលុយយ៉ាងស្រួលគ្មានប្រជាជនណាហ៊ានចូលរកដោយសេរីទៀតទេ។
ប្រជាជនបានលើកឡើងថា កាលពីពេលថ្មីៗនេះ ខណៈរាជរដ្ឋាភិបាលសំរេចកាត់យកផ្ទៃដីជំលោះពីឧកញ៉ា ឡោក ហួរ ដែលមានទីតាំង នៅជាប់ដីក្បាលអាងទឹកបឹងធំនោះទៅអោយប្រជាពលរដ្ឋ គឺលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានចុះទៅប្រកាសអោយប្រជាជនមានសិទ្ធិ ចេញ ចូល អាស្រ័យផល និងធ្វើការនេសាទស្របច្បាប់ដោយសេរីឡើងវិញ មិនមានការហាមឃាត់ដូចពេលស្ថិតនៅក្រោមការគ្រប់គ្រង របស់ឧកញ៉ា ឡោក ហួរ ទៀតទេ។ បច្ចុប្បន្នប្រឡាយ បឹងដែលត្រូវបានរាជរដ្ឋាភិបាលដកហូតយកពីឧកញ៉ា ឡោក ហួរ យកទៅប្រគល់ អោយប្រជាជន គឺប្រជាជនមានសិទ្ធិចូលធ្វើការនេសាទដោយសេរី កុំតែប្រើឧបករណ៍នេសាទល្មើសច្បាប់ តែសំរាប់ក្បាលអាងទឹកបឹងធំ ដែលជាអាងស្តុកទឹកសាធារណៈរបស់រដ្ឋស្រាប់ បែរជាប្រជាជនគ្មានសិទ្ធិចូលធ្វើការនេសាទ និងអាស្រ័យផលទៅវិញ។
ប្រជាជននៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលសង្ឃឹមថាលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏ដូចលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក ដែលជាក្រសួងជំនាញគ្រប់គ្រងបឹងបួរ អាងទឹកសាធារណៈ....ជាដើមនោះ នឹងចុះទៅប្រកាសអោយប្រជាជនមានសិទ្ធិ ចូលធ្វើការនេសាទ និងអាស្រ័យផលជាសាធារណៈនៅលើផ្ទៃដី ផ្ទៃបឹងក្បាលអាងទឹកបឹងធំឡើងវិញក្នុងពេលឆាប់ៗនេះជាមិនខាន បើសង្ឍឹម ទៅលើអ្នកស្រី ប៊ុត វណ្ណា មេឃុំសំរោងធំវិញ មិនបាច់ថ្លែងទេ ឮថាប្រជាប្រិយភាពរបស់គាត់សំរាប់ការឈរឈ្មោះបោះឆ្នោតមេឃុំអាណត្តិនេះ ធ្លាក់នៅបាតដាលឯណោះ ដូចនេះមានតែថ្នាក់លើចុះទៅជួយស្ដារឡើងវិញប៉ុណ្ណោះ៕