(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រម នៃសំណុំរឿង លោក «ជួប សម្លាប់» នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
លោក លី សុផាណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីបញ្ចប់សវនាការរឿងក្តីឃាតកម្មលើលោក កែម ឡី នាថ្ងៃនេះ សាលាដំបូងនឹងប្រកាសសាលក្រម នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៧ ពេលព្រឹក»។
សវនាការនៅព្រឹកមិញនេះដឹកនាំ ដោយលោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក លី សុផាណា ជាតំណាងអយ្យការ។ ជនជាប់ចោទមានមេធាវីការពារក្ដីតាមផ្លូវច្បាប់ គឺ លោកយុង ផានិត ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវី ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត។
នៅក្នុងសវនាការនេះ «ជួប សម្លាប់» បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដោយសារខឹងលោក កែម ឡី ជំពាក់ប្រាក់មិនសង ហើយអះអាងថា គ្មានអ្នកនៅពីក្រោយខ្នងនៃឃាតកម្មនេះនោះទេ។
គួរបញ្ជាក់ថា អឿត អាង ហៅ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕