(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាធ្ងន់ៗថា មន្ដ្រីដែលទទួលបន្ទុកអនុវត្តច្បាប់ចរាចរណ៍ ត្រូវតែអនុវត្តឲ្យបានទាំងអស់គ្នា ប្រសិនបើមានអ្នកធ្វើខុសច្បាប់ បើទោះបីកងកម្លាំងដូចគ្នាក៏ដោយ។
ការបញ្ជាធ្ងន់ៗបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីអំពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការខេត្ត។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្នងការរងទទួលផែនសេនាធិការ លោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ លោកនាយ-នាយរង ការិយាល័យចរាចរណ៍ផ្លូវគោក លោកនាយផ្នែក និងលោកអធិការ-អធិការរង ទទួលផែនសណ្តាប់ធ្នាប់ សរុបចំនួន២២រូប។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងថា មន្ដ្រីដែលមានភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ ត្រូវតែលុបបំបាត់ចោលនូវកុងត្រូលជជុះ ពោលគឺត្រូវធ្វើការច្បាប់ដែលបានកំណត់ ហើយប្រសិនបើរកឃើញនឹងត្រូវដាក់វិន័យតាមវិន័យរបស់នគរបាលជាតិជាមិនខាន។
លោកស្នងការបន្ដថា ចំពោះការផាកពិន័យវិញត្រូវតែធ្វើទៅតាមច្បាប់ មិនត្រូវផាកលើស ឬខ្វះនោះឡើយ មួយវិញទៀតហាមដាច់ខាត់ ចំពោះការផាកពិន័យណា ដែលមិនចេញវិកិ្កយបត្រ ហើយយកលុយដាក់ក្នុងហោបៅរបស់ខ្លួន៕