(ភ្នំពេញ)៖ លោក Alexander Ky អនុប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្រកាសលាលែងពីតំណែងរបស់ខ្លួន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ ក្រោមហេតុផលថា ដោយសារតែថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ ពុករលួយ និងប្រកាន់បក្ខពួកនិយម។ នេះបើតាមលិខិតលាលែងរបស់ លោក Alexander Ky ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកមិញ។
តាមលិខិតរបស់សាមីខ្លួន ដែលផ្ញើទៅកាន់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា លោក Alexander Ky អាយុ៥៨ឆ្នាំ បានស្ម័គ្រចិត្តបម្រើ គណបក្សសង្រ្គោះជាតិ រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែទើបនឹងដឹងថា គណបក្សសង្រ្គោះជាតិ មិនត្រូវនឹងគុណតម្លៃរបស់គេឡើយ។
លោក Alexander Ky បានសរសេរយ៉ាងដូច្នេះថា «អស់រយៈពេល៤ឆ្នាំហើយ ដែលខ្ញុំបានស្ម័គ្រចិត្ត ជួយបម្រើគណបក្សសង្រ្គោះជាតិ ព្រោះតែស្រលាញ់គោលនយោបាយ របស់គណបក្សនេះ ប៉ុន្តែមានបុគ្គលថ្នាក់ជាតិមួយចំនួនតូចបក្សពួកនិយមពុករលួយ ហើយក្រុមថ្នាក់ជាតិទាំងនោះ មិនសប្បាយចិត្តនឹងខ្ញុំឡើយម្យ៉ាងវិញទៀត ខ្ញុំមើលឃើញថា គណបក្សនេះមិនត្រូវនឹង គុណតម្លៃរបស់ខ្ញុំនោះទេ»។
ទោះជាយ៉ាងណា អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនង អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ និង លោក យ៉ែម បុញ្ញឫទ្ធិ បាននៅឡើយទេ។
ខាងក្រោមនេះជាលិខិតលាលែងរបស់ លោក Alexander Ky៖