(ភ្នំពេញ)៖ ក្រោមស្មារតីលើកកម្ពស់សាមគ្គីភាព ការហាត់ប្រាណដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន រដ្ឋបាលស្រុកបាណន់ បានរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងមួយ ក្នុងមូលដ្ឋានរបស់ខ្លួន កាលពីខែចុងខែកុម្ភៈកន្លងទៅនេះ ដោយមានការចូលរួមពីក្រុមហ៊ុនព្រូដិនសលកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ការរត់ពាក់កណ្តាលម៉ារ៉ាតុងនេះ មានរយៈចម្ងាយប្រមាណជាង ៦គីឡូម៉ែត្រ ដោយចាប់ផ្តើមពីសាលាឃុំឈើទាល ទៅដល់ប្រាសាទបាណន់ ។ យុវជនទាំងប្រុស-ស្រី ប្រមាណជិត២០០នាក់ ដែលមកពីបណ្តាភូមិ-ឃុំនានានៃស្រុកបាណន់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្រោមស្មារតីសាមគ្គីភាពក្នុងព្រឹត្តិការណ៍នេះ ដោយអ្នករត់ដល់ទីដប់នាក់ដំបូងគេ ទទួលបានរង្វាន់លើកទឹកចិត្តពិសេសជាមួកសុវត្ថិភាព និងទឹកប្រាក់មួយចំនួនផងដែរ ។
លោក ជុំ ញ៉ អភិបាលស្រុកបាណន់ ដែលបានមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាបានចូលរួមរត់និងគេផងដែរនោះ បានមានប្រសាសន៍ថា «ការរត់ម៉ារ៉ាតុងនេះ គឺជាការលើកកម្ពស់មួយដល់ ទីមួយ ភាពសាមគ្គីភាព ក្នុងចំណោមយុវជន ទីពីរ កាត់បន្ថយនូវអំពើអបាយមុខទាំងឡាយ ជាពិសេសការសេពគ្រឿងញៀន ។ ក្នុងការរៀបចំនេះ រដ្ឋបាលស្រុកបាណន់មានការគាំទ្រពីសប្បុរសជន និងក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំ រួមមានតាំងពី អាវ ខោ ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ» ។
លោកបានបន្ថែមទៀតថា «ព្រឹត្តិការណ៍ត្រូវបានផ្សព្វផ្សាយដល់យុវជនក្នុងស្រុកបាណន់ ទាំងយុវជនក្នុងសាលា និងក្រៅសាលា ហើយជាពិសេសស្រទាប់មហាជនទាំងឡាយអោយចូលរួមទាំងអស់គ្នា គឺយើងមិនប្រកាន់អាយុទេ ។ ដោយគ្រោងយើងគ្រោងតែ ១០០នាក់ទេ ក៏ប៉ុន្តែស្ថិតិដែលបានរហូតមកដល់ល្ងាចថ្ងៃទី១៧ នេះ គឺបានជិត ២០០នាក់ ដែលនេះជាមោទនភាពមួយសម្រាប់យើង» ។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា ដែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា ពីដើមឆ្នាំ២០១៣ មក ។ ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសហគមមូលដ្ឋាន ទាំងកម្មវិធីខ្នាតតូច និងកម្មវិធីខ្នាតធំ ជាអាទិ៍ ការឧបត្ថម្ភព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ក៏ដូចជាគម្រោងអភិវឌ្ឍសហគមន៍ខ្នាតធំជាច្រើនទៀត ដូចជា គម្រោង «អំណានដំបូង» គម្រោង«វិធានការសុវត្ថិភាព» និងកម្មវិធី «ឆា-ឈីង» ជាដើម ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ដល់ ២១ កុម្ភៈ កន្លងទៅថ្មីៗនេះ ក្រុមការងាររបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ទើបនឹងបានចុះផ្សព្វផ្សាយកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋាន «ឆា-ឈីង» ទៅដល់កុមារា-កុមារី ក្នុងសាលាបថមសិក្សាចំនួនបួន ក្នុងខេត្តបាត់ដំបង និងសៀមរាបផងដែរ ៕