(កណ្តាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកម្ចាក់មីន (CMAC) បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងមន្ត្រី CMAC បានបន្តរកឃើញគ្រាប់បែកទំលាក់ពីយន្តហោះអាមរិក ប្រភេទ MK82 ចំនួន៤គ្រាប់ ស្ថិតនៅភូមិគោកព្រីង ឃុំគោកត្រាប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាប់នឹងរាជធានីភ្នំពេញ។
លោក ហេង រតនា បានបញ្ជាក់ថា ក្នុងចំណោមគ្រាប់បែកទាំង៤គ្រាប់នោះ មាន៣គ្រាប់ឃើញច្បាស់លាស់រួចហើយ ដោយល្ងាចថ្ងៃទី០១ ខែមីនានេះ CMAC នឹងប្រតិបតិ្តការដោះបន្សាប និងបោសសំអាតគ្រាប់បែកទំលាក់ ពីយន្តហោះរបស់អាមេរិកកាំងទាំង៤គ្រាប់នេះ។
ជាមួយគ្នានេះ អគ្គនាយករូបនេះ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅភូមិគោកព្រីង ឃុំគោកត្រាប់ ជួយចូលរួមសហការជាមួយមន្ត្រី CMAC ដោយអនុគ្រោះផង ដើម្បីធានាសុវតិ្ភភាពគ្រប់ៗគ្នា។
សូមជម្រាបថា នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ មន្ត្រី CMAC ទើបតែបានដោះគ្រាប់បែក ប្រភេទ MK82 ដែលមានទម្ងន់២២០គីឡូក្រាម ចេញភូមិភ្នំបុរី ឃុំព្រែកទោល ស្រុកអង្គរបុរី ខេត្តតាកែវ។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕