(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសប្រាប់សហព័ន្ធកីឡាជាតិ ដែលត្រៀមបញ្ជូនកីឡាករទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនាខែសីហាខាងមុខថា SEA Games ឆ្នាំនេះ កម្ពុជាដាច់ខាតត្រូវរក្សាចំណាត់ថ្នាក់លេខ៨ ឬឈរពីលើប្រទេសឡាវឲ្យបាន ដើម្បីជំរុញផែនការ «៤ឆ្នាំរំកិល» ឲ្យទទួលបានផ្លែផ្កា និងជាដើមទុនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកាសបែបនេះ គឺក្រោយពេលម្ចាស់ផ្ទះម៉ាឡេស៊ីបានកំណត់ប្រភេទកីឡារួចរាល់ ដើម្បីដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៧នេះ ដោយមានកីឡាសរុប ៣៨ប្រភេទ ស្មើនឹង ៤០៥វិញ្ញាសា។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា គ្រប់វិញ្ញាសានីមួយៗ សុទ្ធតែត្រូវបានរឹតបន្តឹង ដូច្នេះសហព័ន្ធកីឡាជាតិកម្ពុជាទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យបានល្អបំផុត ដើម្បីចូលរួមប្រកួតដណ្ដើមមេដាយ ជូនជាតិពីព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់មួយនេះ ដែលមានរយៈពេល ២ឆ្នាំម្តង។
ថ្លែងក្នុងកិច្ចប្រជុំសហព័ន្ធកីឡាជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០១៧ នៅទីស្នាក់ការ NOCC កាលពីម្សិលមិញ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា «កាលពីស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី កម្ពុជាដណ្ដើមបានមេដាយតិចជាងមុន ប៉ុន្ដែជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាឡើងទៅឈរចំណាត់ថ្នាក់លេខ៨ លើឡាវ។ ចឹងទេ យើងត្រូវរក្សាចំណាត់ថ្នាក់ប្រទេសឲ្យឈរលើឡាវ។ នេះជាគោលការណ៍របស់ថ្នាក់ដឹកនាំ NOCC និងក្រសួងអប់រំ ដើម្បីជំរុញយ៉ាងណាឲ្យការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ កម្ពុជាឈរលើឡាវឲ្យបាន»។
តាមរយៈការកំណត់គោលដៅនេះ NOCC និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានឯកភាពគ្នាលើការចម្រាញ់យកកីឡា មានសក្ដានុពលប្រមាណជាង ២០ប្រភេទកីឡា ដើម្បីបញ្ជូនទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧ ហើយចំនួនជាក់ស្ដែងនោះ ស្ថាប័នធំៗទាំងពីរនឹងប្រជុំសម្រេចក្នុងពេលឆាប់ៗខាងមុខ ប៉ុន្ដែក្នុងនោះវត្តមានកីឡាមានសក្ដានុពលជាងគេ ដូចជាកីឡាតេក្វាន់ដូ ប៉េតង់ វ៉ូស៊ូ និងសីឈិនឡូនជាដើម គឺមិនអាចអវត្តមានបានឡើយ។
សូមរំឮកថា កាលពីស៊ីហ្គេម ឆ្នាំ២០១៥ នៅសីង្ហបុរី កម្ពុជាដណ្ដើមបានមេដាយសរុប ១៥គ្រឿង ដើម្បីឈរចំណាត់ថ្នាក់លេខ៨ លើប្រទេសឡាវ ក្នុងនោះរួមមានមេដាយមាស១ មេដាយប្រាក់៥ និងមេដាយសំរឹទ្ធ៩គ្រឿង។ ប៉ុន្ដែបើធៀបទៅនឹងស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា (ភូមា) គឺមានការធ្លាក់ចុះច្រើន ព្រោះកាលនោះកម្ពុជាដណ្ដើមបានមេដាយដល់ទៅ ៤៧គ្រឿង រួមមានមេដាយមាស៨, មេដាយប្រាក់១១ និងមេដាយសំរឹទ្ធ ២៨គ្រឿង៕