(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូតំណាងការិយាល័យទឹកស្អាត និងទឹកក្រខ្វក់នៃទីក្រុង kitakyushu ប្រទេសជប៉ុន ដោយផ្តោតការយកចិត្តទុកដាក់ទៅលើ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតថ្មី សម្រាប់ផ្គត់ផ្គង់សង្កាត់ចំនួន០៦ ក្នុងក្រុងតាខ្មៅ តាមរយៈគម្រោងជំនួយថ្មីរបស់រាជរដ្ឋាភិបាលជប៉ុន។
លោក Osamu ISAYAMA នាយកប្រតិបត្តិ និងជាប្រធានគណៈប្រិភូ បានជម្រាបជូនថាៈ គម្រោងជំនួយថ្មីរបស់រាជរដ្ឋាភិបាលជប៉ុននេះ ត្រូវដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជប៉ុនមួយ ដែលនឹងបង្កើតឡើង ហៅថាក្រុមហ៊ុន SPC (Special Purpose Company) មានកាតព្វកិច្ច សាងសង់ ប្រតិបត្តិការ និងថែរក្សា ។ ឯភាគីកម្ពុជា ជាអ្នកផ្តល់ទីតាំង និងប្រភពទឹក។ តាមផែនការ នឹងបញ្ចប់គម្រោងសាងសង់ និងដាក់ឲ្យដំណើរការរោងចក្រនៅឆ្នាំ ២០២០ ដោយយកប្រភពទឹកពីទន្លេបាសាក់ មានសមត្ថភាពផលិតជាបណ្តើរៗរហូត បាន៣មុឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។បន្ទាប់ពីដំណើការរយៈពេល ១០ឆ្នាំ នឹងប្រគល់ឲ្យភាគីកម្ពុជា ជាអ្នកប្រតិបត្តិការវិញ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្វាគមន៍ ចំពោះគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អ្នកជំនាញទឹកស្អាតមកពីទីក្រុង kitakyushu តែលោកសូមស្នើថា ពេលគម្រោងនេះចាប់ដំណើរការភ្លាមគឺត្រូវ មានសមត្ថភាពផលិតឲ្យបាន ៣មុឺនម៉ែត្រគូបតែម្តង មិនចាំបាច់ដល់ឆ្នាំ២០៣០ទេ ពីព្រោះកំណើនប្រជាជន និងតម្រូវការប្រើប្រាស់តាមល្បឿនសេដ្ឋកិច្ចរបស់ជាតិ ពិតជាលូតលាស់លឿនណាស់។ ម៉្យាងគោលដៅរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ដែលនឹងត្រូវជាវដុំពីការផលិតទឹកស្អាតរបស់ គម្រោងក្រុមហ៊ុនជប៉ុននេះគឺមិនត្រឹម ផ្គត់ផ្គង់គ្របដណ្តប់ត្រឹម ០៦ សង្កាត់ ប៉ុណ្ណោះទេ នឹងត្រូវពង្រីកតំបន់ជុំវិញនោះជាច្រើនទៀត ជាពិសេសតំបន់ភាគខាងលិចរាជធានីភ្នំពេញ ។
ទោះជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើដល់ភាគីជប៉ុនពិភាក្សាលំអិតផ្នែកបច្ចេកទេស ជាមួយអ្នកជំនាញនៃរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីឲ្យប្រាកដថា តម្លៃទឹកលក់ដុំមកឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវមានតម្លៃថោកជាងតម្លៃលក់រាយបច្ចុប្បន្ន ជៀសវាងលក់ក្នុងតម្លៃថ្លៃ ដែលធ្វើប៉ះពាល់ដល់កំរិតជីវភាពប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងចាត់ទុកទឹកស្អាតជាវិស័យអាទិភាពក្នុងការលើកកំពស់សុខមាលភាព និងការកាត់បន្ថយភាពក្រីក្រ៕