(ព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ២១០ សហការជាមួយនគរបាលស្នាក់ការស្រយ៉ង់ បានឃាត់រថយន្តមួយគ្រឿង បិទទ្រុងជិតឃើញមានឈើខុសច្បាប់ជាច្រើន។ ការឃាត់រថយន្តលួចបង្កប់ឈើខុសច្បាប់នេះធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរប្រាំព្យាម ឃុំស្រយ៉ង់ជើង ស្រុកគូលែន ខេត្តព្រះវិហារ។
លោកអនុសេនីយ៍ឯក ចាន់ សី មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកគូលែន និងជាប្រធានស្នាក់ការសន្តិសុខ២១០ បានឲ្យដឹងថា ការឃាត់ចាប់រថយន្តលួចបង្កប់ដឹកឈើនេះ គឺកម្លាំងលោកសហការជាមួយកម្លាំងនគរបាលស្នាក់ការស្រយ៉ង់ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការស្ទាក់ចាប់រថយន្តដឹកឈើមួយគ្រឿង ម៉ាកកូរ៉េ ពាក់ស្លាកលេខភ្នំពេញ 3B-1119 នៅចំណុចខាងលើ ព្រមទាំងធ្វើការដកហូតបានឈើលេខមួយ និងលេខពីចំនួន២៧១សន្លឹក ស្មើនឹង៧.៤១ម៉ែត្រគូប។
បើតាមមន្រ្តីអាវុធហត្ថ ក្រុមឈ្មួញបានយករថយន្តសម្រាប់ទុកដឹកកក មកបន្លំដឹកឈើ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច តែចុងក្រោយនៅតែមិនរួចទៀត។
ក្រោយការត្រួតពិនិត្យរួច វត្ថុតាងខាងលើ ត្រូវបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើគូលែន ដើម្បីចាត់ការតាមច្បាប់៕