(ព្រះវិហារ)៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមបិទ សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា «គ្រូពេទ្យ គឺជាអ្នកបម្រើរបស់ជំងឺ មិនមែនជាម្ចាស់របស់អ្នកជំងឺនោះទេ»។ លោកអភិបាលខេត្ត ថ្លែងបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមកុម្ភៈ ឆ្នាំ២០១៧។
លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានបញ្ជាក់ថា «កាលពីមុនគ្រូពេទ្យរបស់យើង ត្រូវបានគេធ្វើការរិះគន់ថា ជាម្ចាស់របស់អ្នកជំងឺ តែបច្ចុប្បន្ននេះ យើងមើលឃើញថា គ្រូពេទ្យរបស់យើងបានក្លាយទៅជាអ្នកបម្រើរបស់អ្នកជំងឺ ដែលកត្តានេះត្រូវបានគេសង្កេតឃើញថា បន្ទាប់ពីការកែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យជាអាទិភាពនេះ។ ទន្ទឹមនឹងនេះគ្រូពេទ្យយើង បានគោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាកាតព្វកិច្ចរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្ររួមរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
លោកអភិបាលខេត្ត បានបន្តថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ទុកសុខភាពប្រជាជន គឺជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព។
លោក អ៊ុន ចានដា បានបន្តថា ស្របពេលប្រទេសជាតិមានការអភិវឌ្ឍ មានសុខសន្តិភាព សូមឲ្យប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឲ្យបាលល្អ ពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍ ជាជំងឺមួយដ៏កាចសាហាវ ជាងជំងឺអេដស៍ទៅទៀត។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា មន្ទីរសុខាភិបាលមានមន្ត្រីក្របខ័ណ្ឌសុខាភិបាលសរុប៤៧០នាក់ មានមន្ទីរពេទ្យបង្អែកខេត្ត ដែលកំពុងផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ និងស្រុកប្រតិបត្តិមួយ មានមណ្ឌលសុខភាព ចំនួន២៨ មានប៉ុស្តិ៍សុខភាព ចំនួន១៧ ដែលកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសនៅតាមតំបន់ដាច់ស្រយាល និងតាមព្រំដែន៕