(ភ្នំពេញ)៖ អឿត អាង ហៅជួប សម្លាប់ ដែលសារភាពគ្រប់ដំណាក់កាលថា ជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចាប់ផ្តើមសវនាការកាត់ទោសនាព្រឹកថ្ងៃទី០១ ខែមីនានេះ។
ជនជាប់ចោទមានមេធាវីការពារក្ដីតាមផ្លូវច្បាប់ គឺ លោកយុង ផានិត ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវី ។
សវនាការនេះ ដឹកនាំដោយលោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក លី សុផាណា ជាតំណាងអយ្យការ ។
មន្ត្រីតុលាការ បញ្ជាក់ថា ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ ត្រូវបានចោទប្រកាន់ពីរបទល្មើស គឺ បទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២០០ និង ៤៩០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
គួរបញ្ជាក់ថា អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕