(សៀមរាប)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះអញ្ជើញជាអធិបតីបើកសន្និសីទ អន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។

សន្និសីទនេះរៀបចំឡើងនៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ ដល់០៣ ខែមីនា ដោយមានប្រតិភូអន្តរជាតិ ជាន់ខ្ពស់មកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៣០០នាក់ និងប្រតិភូជាតិមកពីក្រសួងស្ថាប័នបាក់ព័ន្ធការអប់រំ និងកុមារប្រមាណ ២០០បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច នឹងថ្លែងបង្ហាញបង្ហាញនូវ អនុសាសន៍គន្លឺះមួយសម្រាប់អភិវឌ្ឍន៍ និងគាំពារកុមារតូចៗក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

សន្និសីទនេះ នឹងផ្តោតសំខាន់លើសារៈសំខាន់ នៃឱកាសក្នុងការទទួលបាននូវការអភិវឌ្ឍរបស់កុមារតូចប្រកបដោយសមធម៌ និងទិសដៅអភិវឌ្ឍ ប្រកបដោយចីរភាពត្រឹមឆ្នាំ២០៣០ ដែលធានាថា កុមារតូចទាំងអស់មានឱកាសក្នុងការទទួលបាននូវការអភិវឌ្ឍ និងការគាំពារតាំងពីកុមារភាពប្រកបដោយគុណភាព និងមានឱកាសទទួលបាននូវការអប់រំនៅកម្រិតមត្តេយសិក្សា ដើម្បីឲ្យពួកគេទាំងអស់ត្រៀមខ្លួនបន្តការអប់រំកម្រិតបឋមសិក្សា ដែលទាំងនេះបានឆ្លុះបញ្ចាំងថា ការគាំពារ និងការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកុមារក្នុងរយៈពេលយូរអង្វែងទាំងសុខុមាលភាព និងសុខភាព។ ក្នុងន័យនេះដែរ ការអភិវឌ្ឍកុមារតូចជាបន្តបន្ទាប់ឆ្នាំ២០១៦ បានបង្ហាញថា ការអភិវឌ្ឍសុខភាពរបស់កុមារ គឺពឹងផ្អែកលើការគាំពារអប់រំ ដែលធានាបាននូវសុខភាព អាហារូបត្ថម្ភ ការគាំពារប្រកបដោយការយកចិត្តទុកដាក់ សុវត្ថិភាព និងសន្តិសុខ និងការអប់រំតាំងពីកុមារភាព។

ទាំងនេះ វាបានផ្តោតសំខាន់ទៅលើតម្រូវការក្នុងការចូលរួមអន្តរាគមន៍ពីសំណាក់អន្តរវិស័យ ជាពិសេសចំពោះកុមារតូចដែលងាយរងគ្រោះ ដែលក្នុងចំណោមពួកគេទាំងនេះ គឺត្រូវការជាចាំបាច់នូវអាហារូបត្ថម្ភ ដើម្បីជំរុញការធំធាត់ និងសុខភាព និងការការពារកុមារតូចឲ្យផុតពីអំពើហិង្សា ដោយទទួលបានការគាំពារពីក្រុមគ្រួសារ ពីសង្គម តាមរយៈស្ថេរភាពផ្នែកហិរញ្ញវត្ថុរបស់គ្រួសារ និងលទ្ធភាព ដែលអាចឲ្យពួកគេមានឱកាសទទួលបាននូវការអប់រំតាំងពីដំបូង និងសេវាផ្សេងៗប្រកបដោយគុណភាព។

សន្និសីទរយៈពេល៣ថ្ងៃ ដែលមានអ្នកចូលរួមកពី ៣៦ប្រទេស នឹងផ្តល់ឱកាសឲ្យប្រទេសនីមួយៗ ចូលរួមចែករំលែក និងសិក្សាពីយុទ្ធសាស្រ្តពីគ្នាទៅវិញទៅមក ស្តីពីការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ២០៣០។ សន្និសីទ ក៏នឹងអនុញ្ញាតឲ្យប្រទេសដែលចូលរួមពិភាក្សាពីយុទ្ធសាស្រ្តផ្សេងៗ ដូចជា តម្រូវការដើម្បីធ្វើបរិយាប័ន្ន និងសមាហរ័ណកម្មកម្មវិធី គោលនយោបាយ ដែលគាំទ្រដោយទីភ្នាក់ងារទទួលបន្ទុកសុខភាព អាហារូបត្ថម្ភ និងគាំពារសង្គម ចំពោះកុមារខាងផ្នែកអប់រំអនាម័យទឹក៕