(សៀមរាប)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ នឹងអញ្ជើញជាអធិបតីបើកសន្និសីទ អន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍន៍កុមារតូច ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។

សន្និសីទនេះ រៀបចំឡើងនៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប មានរយៈពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០១ ដល់ ០៣ ខែមីនា ដោយមានប្រតិភូអន្តរជាតិជាន់ខ្ពស់មកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៣០០នាក់ និងប្រតិភូជាតិមកពីក្រសួងស្ថាប័នបាក់ព័ន្ធការអប់រំ និងកុមារប្រមាណ ២០០បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច នឹងថ្លែងបង្ហាញបង្ហាញនូវអនុសាសន៍គន្លឺះមួយសម្រាប់អភិវឌ្ឍន៍ និងគាំពារកុមារតូចៗក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

សន្និសីទអន្តរជាតិថ្នាក់តំបន់រយៈពេល៣ថ្ងៃនេះ អ្នកជំនាញនឹងពិភាក្សាផ្តោតជាសំខាន់ទៅលើសារៈសំខាន់ នៃឱកាសក្នុងការទទួលបានការអភិវឌ្ឍន៍របស់កុមារតូច ប្រកបដោយសមធម៌ និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពត្រឹមឆ្នាំ២០៣០ ដែលធានាថា គ្រប់កុមារតូចទាំងអស់ មានឱកាសទទួលបាននូវការអភិវឌ្ឍ និងគាំពារតាំងពីកុមារភាព។

ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កុមារតូចទាំងអស់ត្រូវទទួលបាននូវការគាំពារ ការអប់រំកម្រិតមតេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យពួកគេទាំងអស់ត្រៀមខ្លួនរួចជាស្រេចចូលរៀនទៅតាមកម្រិត នៃបឋមសិក្សា៕