(ភ្នំពេញ)៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ មេទ័ពធំនៃបន្ទាយព្រះអាទិត្យដល់ពេលបង្ហាញខ្លួនជាផ្លូវការ ក្រោយពីមេទ័ពធំម្នាក់ទៀត បានចុះចាញ់មុនការ ប្រយុទ្ធឈានមកដល់ ដែលការចុះចាញ់នេះត្រូវបានគេផ្តល់រហស្សនាមថា ជាវីរៈភាពក្នុងក្អម តែប៉ុណ្ណោះ គឺវាផ្ទុយពីអ្វីដែលមេទ័ពធំរត់ចោលកូនចៅ រូបនោះប្រកាសថា ការចាកចេញពីបន្ទាយនេះដើម្បីសង្រ្គោះបន្ទាយដែលកំពុងធ្លុះធ្លាយមួយនេះ កុំឲ្យត្រូវខ្យល់ពុះបោកបក់រលាយបាត់។ យុទ្ធសាស្រ្ត របស់មេបញ្ជាការធំនេះ បានដើរខុសក្បួនតម្រាហើយ បែរជាចេញមុខប្រកាសថា ដើម្បីសង្រ្គោះបក្ស តែការពិតជាការសង្គ្រោះផេះទៅវិញទេ។ ការលាលែងទាំងមន្រ្តីកំពូល និងមន្រ្តីជាន់ខ្ពស់ដើម្បីសង្រ្គោះបន្ទាយនេះ ខ្ញុំដែលជាអ្នកនិយមតាមដានស្ថានភាពនយោបាយ សុំបញ្ចេញទស្សនៈចំនួន៤ចំណុចដូចខាងក្រោម៖
១៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានលាលែងពីប្រធានបក្ស ដោយភ្ញាក់ផ្អើលតាំងពីមុនពេលដឹងថា ការធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ មានខ្លឹមសារដូចម្តេចទៅទៀត! លោក សម រង្ស៊ី បានបញ្ជាក់ក្នុងលិខិតលាលែងថា ជាការលាលែងដោយមូលហេតុ ផ្ទាល់ខ្លួន។ ប៉ុន្តែឡូហ្ស៊ីកនយោបាយពិតប្រាកដរបស់លោក សម រង្ស៊ី ដែលប្រកាសឱ្យមហាជនបានដឹង គឺលាលែង ដើម្បីសង្រ្គោះបក្សដើម្បីកុំឱ្យបក្ស រលាយតាមប្រធានបក្សដែលស្ពាយទោសជាប់ខ្លួន!
២៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណរ៉ា មន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បានប្រកាសចេញពីពន្ធនាគារ ទីកន្លែងដែលអ្នកទាំងបីរូបត្រូវបានឃុំខ្លួន ដោយសម្រេចលាលែងចេញពីគណៈកម្មាធិការនាយករបស់គណបក្សរៀងៗខ្លួន។ ក្នុងលិខិតបានសរសេរបញ្ជាក់ថា ការលាលែងនេះដោយសារ តែមូលហេតុផ្ទាល់ខ្លួន ដូចលោក សម រង្ស៊ី ដែលជាមេរបស់គាត់ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការលាលែងនេះ គឺធ្វើឡើងក្រោយពេលមន្រ្តីធំៗ របស់គណបក្សសង្រ្គោះជាតិបានទៅជួបអ្នកទោសទាំងបីរូបនោះ នៅក្នុងពន្ធនាគារ។ ដូចនេះ ឡូហ្ស៊ីកនយោបាយពិតប្រាកដនៃការលាលែងនេះ គឺអាចដូចគ្នាទៅនឹងលោក សម រង្ស៊ី ដែរ ពោលគឺលាលែង ដើម្បីសង្រ្គោះបក្ស ដើម្បីកុំឱ្យបក្សរលាយតាមសមាជិកគណៈកម្មាធិការនាយក របស់បក្សដែលមានទោសជាប់ខ្លួន ឬមានក្តីក្តាំនៅតុលាការ !
៣៖ បើថា ឡូហ្ស៊ីកនយោបាយនៃការលាលែងរបស់លោក សម រង្ស៊ី, លោក អ៊ុំ សំអាន, លោក មាជ សុវណ្ណារ៉ា និងលោក ហុង សុខហួរ គឺសុទ្ធតែដើម្បីបុព្វហេតុសង្គ្រោះគណបក្ស ដើម្បីកុំឱ្យបក្សរលាយតាមថ្នាក់ដឹកនាំរបស់បក្សដែលមានទោសជាប់ខ្លួន ឬមានក្តីក្តាំនៅតុលាការ ដូចនេះ ដើម្បីឱ្យឡូហ្ស៊ីកនេះ កាន់តែឡូហ្ស៊ីកមែនទែន ហើយដើម្បីកុំឱ្យបុព្វហេតុនៃការសង្រ្គោះបក្ស ក្លាយជាឥតន័យ ដោយសារតែនៅសល់មានចន្លោះប្រហោង នៅក្នុងបក្ស, ថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សដែលកំពុងមានទោស និងកំពុងជាប់រឿងក្តីក្តាំនៅតុលាការផ្សេងទៀតដែលមិនទាន់បានលាលែង ក៏គួរលាលែងឱ្យឆាប់ជាទីបំផុតមុនពេលច្បាប់ស្តីពី គណបក្សនយោបាយថ្មីចូលជាធរមាន ដូចជា៖ ទី១៖ លោក ចាន់ ចេង សមាជិករដ្ឋសភា ដែលធ្លាប់ត្រូវបានតុលាការខេត្តកណ្តាលផ្តន្ទាទោសរួចហើយ ទី២៖ លោកស្រី ថាក់ ឡានី ដែលត្រូវបានតុលាការភ្នំពេញកាត់ទោសរួចហើយ និងទី៣៖ អ្នកដែលមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងជាមួយលោក មាជ សុវណ្ណារ៉ា គឺសំណុំរឿងកុបកម្មនៅក្បែរស្ពាននាគ រួមមាន៖ លោកស្រី មូរ សុខហួរ ដែលលឺថា ជាបេក្ខភាពអនុប្រធានបក្សនាពេលសមាជវិសាមញ្ញថ្ងៃទី០២ ខែមីនាខាងមុខ, លោកតំណាងរាស្រ្ត ហូរ វ៉ាន់ ដែលល្បីមានរឿងអាស្រូវផ្លូវភេទ ជាមួយប្រពន្ធគេ និងវេលុយច្រឡំឱ្យទៅប្តីគេ, លោកតំណាងរាស្រ្ត រៀល ខេមរិន្ទ ដែលល្បីរឿងស៊ីដើរស៊ីកូនសកម្មជន ស៊ីប្រពន្ធគេ និងមានមាត់និយាយបែបជនពាលបាតផ្សារ, លោកតំណាងរាស្រ្ត ឡុង រី ដែលល្បីមានសាហាយស្មន់បោកយកខ្លួនសកម្មនារីរបស់ខ្លួនគឺ Peypey Ly, លោកតំណាងរាស្រ្ត ម៉ែន សុថារិន្រ្ទ, លោកតំណាងរាស្រ្ត កែវ ភីរម្យ និងលោកតំណាងរាស្រ្ត នុត រំដួល។
៤៖ តាំងខ្លួនខ្ពស់ស្មើមេឃ ធំស្មើផែនដី ដើម្បីសង្រ្គោះជាតិ! ហាមាត់ឡើងឈ្នះគ្រប់ម៉ាត់ ឈ្នះគ្រប់ពេល ឈ្នះគ្រប់សមរភូមិ ប៉ុន្តែចេញច្បាំង១០០ដង ចាញ់១០១ដង! មេទ័ពធំដែលបាក់ស្បាត ដែលកំសាកញី ហាមាត់ឡើងសុខចិត្តលះបង់ជីវិតដើម្បីសង្រ្គោះជាតិ តែជាក់ស្តែង មិនហ៊ានទាំងជាន់ ផែនដីខ្មែរផងដោយខ្លាចទោសត្រឹម២ឆ្នាំ រត់បាតជើងសព្រាត ! សង្រ្គោះជាតិបានផេះអី បើសូម្បីតែសង្រ្គោះខ្លួនឯងមិនទាំងបានផង !
ឥឡូវសង្រ្គោះជាតិ បាននៅត្រឹមសង្រ្គោះបក្ស និងសង្រ្គោះអំណាចខ្លួនឯង បក្សពួកឯងក្នុងបក្សទៅវិញ! មួយថ្ងៃមួយថ្ងៃ ជ្រួលទៅជ្រួលមកនិយាយតែពីថា នរណាឡើងធ្វើមេបក្ស នរណាឡើងធ្វើអនុប្រធានបក្សខាង សម រង្ស៊ី ឈរលេខរៀងទី១ ឬខាង កឹម សុខា ឈរលេខរៀងទី១ ! ហាឡើង ប្រជាធិបតេយ្យក្នុងបក្សធំធេងទូលំទូលាយស្មើមេឃ ប៉ុន្តែជាក់ស្តែងការចាត់តាំងធ្វើឡើងតាមបែបបក្សពួកនិយម! ហាឡើង តម្កល់យុត្តិធម៌សង្គម ប៉ុន្តែ ជាក់ស្តែង គ្រាន់តែរៀបលេខរៀងឈរឃុំសង្កាត់ គឺមហាអយុត្តិធម៌! ហាឡើងឱ្យគេលះបង់ ប៉ុន្តែខ្លួនឯងខាងលើ គិតឃើញតែប្រយោជន៍!
រាស្រ្តលោកលក់មាន់លក់ទា លក់ទាំងឆ្កែទៅទៀត មកចូលរួមមហាបាតុកម្មស្អីគេនោះ ប៉ុន្តែមេបោកនៅតែជាមេបោកដដែល! ឯណាឡានសង្រ្គោះ ដែលសន្យាតាមឃុំសង្កាត់ដែលឈ្នះកាលពីពេលបោះឆ្នោតលើកមុន ទៅណាអស់ហើយ! ឯណាមេគោ ដែលសន្យាចែកឱ្យមួយគ្រួសារមួយ! ណ្ហើយចុះ! ទុកជូនរាស្រ្តដែលមិនផ្គាប់មុខ ដាក់ខ្លួនឱ្យចំកណ្តាល សំឡឹងមើលឱ្យបានឆ្ងាយពិចារណាឱ្យបានត្រឹមត្រូវ កុំឱ្យឈឺចាប់ដោយចាញ់បោកបក្សបោកប្រាស់ ហើយបើមិនស្រួល មានការលូកដៃជាថ្មីពីមហាអំណាច នឹងអាចទាញកម្ពុជា ចូលក្នុងកលយុគសាជាថ្មី! បើមិនអាណិតខ្លួនឯង ក៏គួរអាណិតកូនចៅ ជំនាន់ក្រោយផង កុំឱ្យជួបសង្រ្គាមដូចនៅស៊ីរី និងអ៊ីរ៉ាក់ ! មើលប្រទេសក្បែរខាងយើងផង ថៃឡង់ដ៍ វៀតណាម ឡាវ ! អ្វីៗត្រូវចាប់ផ្តើមមុនគេ ជាមួយសន្តិភាព និងស្ថិរភាពសង្គម! ការពារសន្តិភាព គឺការពារខ្លួនឯង និងកូនចៅជំនាន់ក្រោយដោយខ្លួនឯង ! សង្រ្គោះផេះអី នៅក្នុងសម័យសន្តិភាពនេះ !
ដោយ៖ បក្សីចាំក្រុង