(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសទិញសាស្រ្តាស្លឹករឹតក្នុងតម្លៃទ្វេដងពីអ្នកស្រី ភឿន ផាវី ដែល ជាស្រ្តីមានចំណេះជំនាញចារស្លឹករឹតក្នុងស្រុកពក ខេត្តសៀមរាប យកទៅតម្កល់តាមទីអារាម និងសាលារៀន ដើម្បីចូលរួមថែរក្សាមរតកបុព្វបុរសខ្មែរបន្សល់ទុក ក៏ដូចជាបន្តចែករំលែកមរតកមួយនេះទៅកូនខ្មែរជំនាន់ក្រោយ។
សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ និងសមិទ្ធផលមួយចំនួនទៀតនៅវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក ក្នុងទីរួមខេត្តកំពង់ចាមហើយនោះ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក៏បានបន្តដំណើរមកដល់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍន៍កុមារតូចននាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ។
ជាមួយដំណើរមកដល់ខេត្តសៀមរាបនារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យស្រ្តីវ័យ ៣០ឆ្នាំម្នាក់ គឺអ្នកស្រី ភឿន ផាវី ដែលជាស្រ្តីខ្មែរមួយរូបមានចំណេះជំនាញចារសាស្រ្តាស្លឹករឹតចូលជួបសំណេះសំណាល និងពិភាក្សាលើការងារចារសាស្រ្តាស្លឹករឹតប្រចាំថ្ងៃរបស់អ្នកស្រី។
ក្នុងជំនួបសំណេះសំណាលនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញការស្ញប់ស្ញែងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រី ភឿន ផាវី ក្នុងជម្នះភាពលំបាក និងប្រឹងប្រែងបន្តឆន្ទៈបន្តមរតកបុព្វបុរសខ្មែរលើការងារចារសាស្រ្តាស្លឹករឹត។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៅខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សាស្រ្តាស្លឹករឹតនាពេលបច្ចុ ប្បន្ននេះ ស្ទើរតែបាត់បង់ទៅហើយ ព្រោះតែបច្ចុប្បន្នមិនមានការយកចិត្តទុកដាក់។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឲ្យ នាំគ្នាបន្តរក្សាមរតកខ្មែរមួយនេះឲ្យរស់រានមានជីវិតឡើងវិញ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «រឿងមួយ ដែលខ្ញុំព្រះករុណាខ្ញុំមានការព្រួយបារម្ភថា វានឹងបាត់បង់ជីវិតរបស់វាទៅហើយនោះ បែរជាចាប់កំណើតឡើងវិញ។ យើងថែទាំបានតែរបស់ចាស់ទេ តែការផលិតថ្មីអត់មាន ដូច្នេះយើងបានរកឃើញមនុស្សម្នាក់ចេះផលិតសាស្រ្តស្លឹករឹតនេះ ហើយយើងត្រូវទិញទាំងអស់។ នេះគឺជាការគិតគូរមួយ ដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ដែលស្ទើរបាត់បង់ទៅហើយនោះ ហើយបាត់បង់ជាងគេក្នុងសម័យប៉ុលពត។ ឥឡូវមានអ្នកផលិតហើយ មិនគួរឲ្យបាត់បង់បន្ថែមទេ»។
ក្នុងជំនួបសំណេះសំណាលជាមួយអ្នកស្រី ភឿន ផាវី សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យអ្នកស្រីបន្តពង្រឹងសមត្ថភាពក្នុងការចារសាស្រ្តាស្លឹករឹត ហើយកៀរគរប្រជាពលរដ្ឋក្នុងភូមិយកមកបណ្តុះបណ្តាលបន្ថែម ដើម្បីចារសាស្រ្តាស្លឹករឹតនេះឲ្យបានកាន់តែច្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសទិញទាំងអស់នូវសាស្រ្តាស្លឹករឹត ដែលផលិតបានក្នុងតម្លៃទ្វេដង ពោលកាលពីផលិតលក់ក្នុងតម្លៃ មួយស្លឹក ១២០០០រៀល ឥឡូវសម្តេចនាយករដ្ឋមន្រ្តី ឲ្យតម្លៃក្នុងមួយសន្លឹករហូតដល់ ២៥,០០០រៀល ហើយទិញយកទាំងអស់នូវសាស្រ្តាស្លឹក ដែលចារបាន។ សម្តេចតេជោ បានណែនាំឲ្យទិញយកសាស្រ្តាស្លឹករឹតទាំងអស់ យកទៅតម្កល់ទុកនៅតាមទីអារាម និងសាលារៀនជាដើម ដើម្បីឲ្យកូនខ្មែរបានស្គាល់ បានដឹងនូវមរតកបុព្វបុរសមួយនេះ។
អ្នកស្រី ភឿន ផាវី បានហៅការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើការបន្តដង្ហើមឲ្យសាស្រ្តាស្លឹករឹតនេះ គឺជាការយកចិត្ត ទុកដាក់មួយរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងការរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។ អ្នកស្រី បានចាត់ទុកការគិតគូររបស់សម្តេច គឺជាជោគជ័យមួយសម្រាប់កិច្ចប្រឹងប្រែងរបស់អ្នកស្រី និងជាជោគជ័យសម្រាប់កូនខ្មែរ ព្រមទាំងជាតិទាំងមូលក្នុងការរក្សាបាននូវសម្បត្តិមរតកជាតិដ៏មានតម្លៃមួយនេះ។
អ្នកស្រី ភឿន ផាវី ដែលជាស្រ្តីមេម៉ាយកូនមួយ រស់នៅជាមួយម្តាយជាស្រ្តីចាស់ជរាក្នុងភូមិគោកថ្មី ឃុំ-ស្រុកពួក ខេត្តសៀមរាប បានឲ្យ ដឹងថា អ្នកស្រីបានចេះចំណេះជំនាញ ចារសាស្រ្តាស្លឹករឹតតពីឪពុករបស់អ្នកស្រីរយៈពេលប្រមាណជា ១០ឆ្នាំមកហើយ ខណៈបច្ចុប្បន្នឪ ពុកអ្នកស្រីបានស្លាប់បាត់ទៅហើយ។
អ្នកស្រី បានបញ្ជាក់ថា ការងារចារសាស្រ្តាស្លឹករឹតនេះ បានជួបការលំបាកយ៉ាងខ្លាំងនាពេលកន្លងមក ព្រោះខ្វះធនធានផលិត ហើយផលិតបានហើយមិនមានទីផ្សារ។ បើតាមអ្នកស្រី ភឿន ផាវី ការផលិតនាពេលកន្លងមក គឺធ្វើឡើងតាមតែការបញ្ជាទិញពីអតិជនយកទៅ តម្កល់តាមទីអារាម ហើយបើគ្មានការបញ្ជាទិញក៏មានធ្វើដែរ។
អ្នកស្រី ភឿន ផាវី បានឲ្យដឹងថា សាស្រ្តាស្លឹករឹតនេះចារអំពីរឿងព្រះវេស្សន្តរជាតក និពាន្វសូត្រ សាស្ត្រាសម្រាប់ទេសនា និងរឿងសុបិន កុមារជាដើម។ បើតាមអ្នកស្រី ផាវី រឿងដែលចារក្នុងសាស្រ្តាស្លឹករឹត គឺមានច្រើនរឿង ដែលរៀបរាប់មិនអស់នោះឡើយ។
អ្នកប្រវត្តិសាស្រ្តបានគូសបញ្ជាក់ថា សាស្រ្តាស្លឹករឹតទំនងជាកើតក្រោយ ឬអាចមុនសម័យអង្គរមកម្ល៉េះ។ អ្នកចារសាស្រ្តាស្លឹករឹតភាគច្រើនជាបុរសអ្នកបួសរៀន ជាអាចារ្យ និងព្រះសង្ឃជាដើម។ សាស្ត្រាស្លឹករឹត ប្រើសម្រាប់ចារនូវប្រវត្តិសាស្រ្ត រឿងព្រេង ព្រមទាំងគម្ពីរដីកាផ្សេងៗ៕