(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រោះជាតិ សុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្គ្រោះជាតិ បានសម្រេចជ្រើសរើសយករូបមន្ត ប្រធាន១ អនុប្រធាន៣។
មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងដដែលរូបនោះ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ទៀតថា បេក្ខភាពប្រធានគណបក្ស គ្មានបេក្ខជនណាឈរឈ្មោះប្រកួតប្រជែងជាមួយលោក កឹម សុខា នោះទេ, ដូច្នេះប្រធានគណបក្សនឹងបានទៅលើលោក កឹម សុខា ដោយឡែកអនុប្រធានគណបក្សរួមមាន៖ ប៉ុល ហំម, មូរ សុខហួរ និង អេង ឆៃអ៊ាង។ ចំណែកលោក យឹម សុវណ្ណ សុំមិនឈរជាបេក្ខភាពនោះទេ។
គណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជគណបក្សបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្ស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ខាងមុនេះ។
សូមជំរាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះកន្លងទៅសំឡេងរបស់លោក សម រង្ស៊ី បានហៅទូរស័ព្ទទៅកាន់លោក យឹម សុវណ្ណ ត្រូវបានបែកធ្លាយ នៅលើបណ្តាញសង្គម Facebook។ សំឡេងនោះបង្ហាញថា លោក សម រង្ស៊ី បានពិភាក្សាជាមួយលោក យឹម សុវណ្ណ មន្រ្តីជំនិតរបស់ខ្លួនអំពីការរៀបចំក្បាលម៉ាស៊ីនថ្មីរបស់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោកលាលែងពីតំណែង។
នៅក្នុងសំឡេងបែកធ្លាយនោះ លោក សម រង្ស៊ី បានពន្យល់ដល់ លោក យឹម សុវណ្ណ ឱ្យគាំទ្រដល់រូបមន្តប្រធាន១ អនុប្រធាន៣នាក់ ហើយស្នើឱ្យមន្រ្តីជាន់ខ្ពស់រូបនេះ កុំរករឿងគ្នានៅក្នុងគណបក្ស ដើម្បីធ្វើយ៉ាងណាចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខ។
នៅពេលនេះអ្វីដែលជាការលើកឡើងរបស់លោក សម រង្ស៊ី តាមសម្លេងបែកធ្លាយនោះបានក្លាយជាការពិតហើយ៕