(ប៉ៃលិន)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ម៉ី វុទ្ធារ៉ា និងឯកឧត្តម ហុក សុផល ប្រធានក្រុមការងារមូលនិធិប្រចាំក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមូលនិធិចូលរួមបុណ្យសពគ្រួសារសព ៥គ្រួសារ ក្នុងនោះ ១គ្រួសារ នៅស្រុកសាលាក្រៅ និង៤គ្រួសារនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមួយ គ្រួសារៗនូវគ្រឿងឧបភោគ បរិភោគ និងថវិកា ២សែនរៀលគត់។
ក្នុងឱកាសនោះ ក្រុមការងារបាននាំសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់នាពេលនេះ ដោយសម្តេចក្រឡាហោម និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ តែងតែនៅរួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ជាមួយប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បានរៀបចំឡើងសម្រាប់ជួយសម្រាលការលំបាក និងលើកកម្ពស់សុខមាលភាពម្តាយ-ទារក និងចូលរួមរំលែកទុក្ខជាមួយគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅអចិន្ត្រៃយ៍ក្នុងខេត្តប៉ៃលិន ដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ។