(ភ្នំពេញ)​៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ធ្វើអំពីឈើ និងថ្ម ស្ថិតនៅខាងមុខផ្សារទំនើបអ៊ីអន តាមបណ្តោយផ្លូវ​ព្រះ​សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពោលបន្ទាប់ពីឆេះអស់ប្រមាណ១ម៉ោងរួចមក។

លោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់អ្នកកាសែតថា គ្រោះអគ្គិភ័យនេះ បានឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង (រថយន្តរបស់មជ្ឈមណ្ឌល​កោះពេជ្រមួយគ្រឿង) និងប្រើទឹកអស់ចំនួន១៥គ្រឿង។

សម្រាប់មូលហេតុវិញ លោក ព្រហ្ម យ៉ត មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយរង់ចាំការស្រាវជ្រាវ និងវាយតម្លៃសិន។ ស្រ្តីម្នាក់ដែលមានផ្ទះនៅកន្លែងកើតហេតុ បាននិយាយប្រាប់អ្នកកាសែតថា មុនពេលមានគ្រោះអគ្គិភ័យខាងលើនេះ ឮសូរសំឡេងប៊ឹង ពេលនោះគាត់ស្មានថា ក្មេងប្រុសម្នាក់នៅផ្ទះកើតហេតុ បើកធុងទឹកកក តែភ្លាមៗនោះស្រាប់តែឮម្តងទៀត ក៏មានផ្សែងហុយចេញ និងចេញអណ្តាតភ្លើងតែម្តង។

យ៉ាងណាក៏ដោយ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះលោក ព្រហ្ម យ៉ត បានបង្ហាញពីភាពលំបាក​ដោយសារតែមានផ្លូវ​តូចចង្អៀត​រថយន្តចូលមិនចុះ។ បើតាមនាយការិយាល័យរូបនេះ តាំងពីខែមករា រហូតមកដល់ពេលនេះ មានគ្រោះអគ្គិភ័យ​ចំនួន​១៣លើកហើយ កើតឡើងនៅក្នុងរាជធានីភ្នំពេញ។

ជាចុងក្រោយ លោកសូមអំពាវនាវដល់ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ពោលពេលចេញ​ទៅណា​សូមបិតកុងតាក់ភ្លើង និងពន្លត់ទៀន ធូបជាដើម ព្រមទាំងការធ្វើផ្ទះទូកផ្លូវ​សម្រាប់រថយន្តពន្លត់អគ្គិភ័យ​ចូលទៅជួយ​សង្គ្រោះផង៕