(អារូស្សា)៖ ប្រទេសតង់ហ្សានី​គ្រោងនឹងដាក់បញ្ចូល​ដើមឈើដ៏ចំណាស់​ ដែលមានកម្ពស់​ខ្ពស់ជាងគេ​បំផុត​មួយនៅទ្វីប​អាហ្វ្រិក ទៅ​ក្នុង​បញ្ជី​​នៃ​​បណ្តា​ទី​កន្លែង​​​ទេស​ចរណ៍​​មិន​​​អាច​​​​រំលង​របស់ប្រទេស​នៅតំបន់អាហ្វ្រិក​ខាងកើត​មួយនេះ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាល្ងាច​ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថាដើម​ឈើប្រភេទ Entandrophragma Excelsum ដែលមានកម្ពស់​ដល់ទៅ៨១.៥ម៉ែត្រ និងអាយុប្រហែល​ជា​៦០០ឆ្នាំនេះ ស្ថិត​នៅ​លើ​ជើង​​ភ្នំ​ដែល​កម្ពស់​​ជាង​គេ​បំផុត​នៅក្នុងទ្វីបអាហ្រ្វិក និងមាន​ឈ្មោះល្បីល្បាញ​ជុំវិញពិភពលោក​គឺ​ភ្នំ Kilimanjaro ហើយវាត្រូវ​បានប្រទះឃើញ​ជា​លើកដំបូង​ដោយ​​​អ្នក​ស្រាវ​ជ្រាវ​​ម្នាក់ឈ្មោះថា Andreas Hemp នៃសាកលវិទ្យាល័យ Bayreuth ប្រទេសអាល្លឺម៉ង់​កាលពីជាង​២០ឆ្នាំមុន៕