(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ លោកតា លោកយាយ ចំនួន៣៥នាក់ នៅសង្កាត់អូរប្ញស្សី៤ ខណ្ឌ៧មករា ដើម្បីស្វែងយល់ពីសុខទុក្ខ និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ក្នុងការរស់នៅរបស់ពួកគាត់។
ការជួបសំណេះសំណាល សាកសួរសុខទុក្ខ ពីជីវភាពរស់នៅប្រចាំថ្ងៃ និងការផ្លាស់ប្ដូរបទពិសោធន៍ អំពីការថែទាំសុខភាព ជាមួយលោកតា លោកយាយ សម្ដេច សាយ ឈុំ បានលើកឡើងថា សព្វថ្ងៃខ្លួនសម្ដេចផ្ទាល់ បានផ្ដោតសំខាន់លើការបរិភោគត្រឹមត្រូវ ទៀងទាត់ ហាត់ប្រាណ និងកាត់បន្ថយការគិតពីបញ្ហាស្មុគស្មាញ និងភាពតានតឹងឲ្យបានច្រើន។
សូមជម្រាបថា សម្ដេច សាយ ឈុំ តែងតែបង្ហាញវត្តមានចុះជួបប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី អាជីវករតាមផ្សារ ក៏ដូចជា ប្រជាពលរដ្ឋតាមមូលដ្ឋាន ជនចាស់ជរា គ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីបង្កើនភាពស្និទ្ធស្នាល ស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងផ្ដល់ជាជំនួយឧបត្ថម្ភមួយចំនួន ជូនដល់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះសម្ដេចប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអភិវឌ្ឍន៍សង្គមជាតិកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅចូលរួមបោះឆ្នោត ក្នុងពេលខាងមុខ៕