(ពោធិ៍សាត់)៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង ខ្ទិចខ្ទីគ្មានសល់ ក្នុងភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ គិតជាទឹកប្រាក់ខាតអស់ ជាង៥ពាន់ដុល្លារ ដែលហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងនោះ ប្រកស័ង្កសី ជញ្ជាំងស្លឹក ក្រាលក្តារ មានទំហំ៧x៥ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ នី ភក្តី អាយុ៣១ឆ្នាំ ជាប្តីមានប្រពន្ធឈ្មោះ អឿន ហៀប អាយុ៣៣ឆ្នាំ។
សេចក្តីរាយការណ៍បន្តថា សម្ភារខូចខាតរួមមាន អង្ករ១០០គីឡូក្រាម ស្រូវ២០តៅ និងសម្ភារដែលមាននៅក្នុងផ្ទះទាំងអស់ គិតជាទឹកប្រាក់អស់ ជាង៥ពាន់ដុល្លារ។ មុនពេលកើតហេតុ គេឃើញភ្លើងចាប់ផ្តើមឆេះ ពីស្មៅនៅជុំវិញផ្ទះ រួចបន្តឆេះរាលដល់ផ្ទះយ៉ាងសន្ទោសន្ធៅ បង្កការភ្ញាក់ផ្អើលតែម្តង ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ ប្រើប្រាស់ទឹកអស់២ឡាន ទើបរលត់បាននៅវេលាម៉ោង ៣៖៤៥នាទីរសៀល ថ្ងៃដដែល។
តាមការសន្និដ្ឋានជំហានដំបូង អគ្គិភ័យនេះ បណ្តាលភ្លើងបារីឆេះស្មៅ រួចបន្តរាលដល់ឆេះផ្ទះប្រជាពលរដ្ឋខាងលើតែម្ដង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕