Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ថៃ ឯកភាពគ្នាបន្តពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិ​បត្តិការ តាមបណ្តោយ​ព្រំដែន

28-02-2017 17:10

(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមលេខាធិការ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លើកទី១២ នៅខេត្តសៀមរាប បានឆ្លងផុតចំនួន២ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាថា នឹងបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈដល់ប្រជាពលរដ្ឋនៅតំបន់ទាំងនេះ មានសន្តិសុខ សុវត្ថិភាព អាចប្រកបរបររកស៊ីជាមួយគ្នាដោយសុខដមរមនា។

ក្នុងកិច្ច​ប្រជុំក្រុមលេខាធិការ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ចំណែកភាគីថៃ ដឹកនាំដោយ លោក គឹមរុន គៀរវិចយ៉ាជេន នាយកទីចាត់ការ ការងារព្រំដែន និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ពង្រឹងកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនង រក្សាភាពស្ងប់ស្ងាត់ តាមព្រំដែនឱ្យបានល្អ។ លោកបានបន្ថែមថា កិច្ចប្រជុំក៏បង្ហាញពីភាពស្និទ្ធស្នាល ជឿជាក់ ដោយបង្កើនការសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពនៅតាមព្រំដែនប្រទេសទាំងពីរផងដែរ។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា ក្រុមលេខាធិការ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងខិតខំធ្វើយ៉ាង បង្កលក្ខណៈប្រជាពលរដ្ឋ មានការទំនាក់ទំនង មានរបររកស៊ី ដោយសុខសន្តិភាព ក្នុងនាមជាញាតិជិតខាងគ្នា។ ជាមួយគ្នានេះ កម្ពុជា-ថៃ ក៏ខិតខំរឹតចំណងសាមគ្គីយូរអង្វែង ដើម្បីលើកកម្ពស់ ការអភិវឌ្ឍន៍នៅតាមព្រំដែនផងដែរ៕