(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានព្រលយថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងអភិវឌ្ឍន៍តំបន់ត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីតំបន់ដែលជាសំបុកគ្រឿងញៀនដ៏ធំមួយ ឲ្យប្រែទៅជាតំបន់លំនៅដ្ឋានមួយ ប្រកបដោយរបៀបរៀបរយ សោភ័ណភាព មានសន្តិសុខល្អប្រសើរ ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «ភូមិសាស្រ្តត្រពាំងឈូក ជាតំបន់ដែលសម្បូរទៅដោយសំណង់លំនៅដ្ឋានរញ៉េរញ៉ៃ សង់លើគំនរសំរាម និងទឹកកខ្វក់ គ្មានរបៀបរៀបរយ និងស្មុគស្មាញបំផុត»។ ការព្រលយបែបនេះរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ខណៈលោកដឹកនាំអភិបាលរង ស្នងការរង មេបញ្ជាការអាវុធហត្ថ អភិបាលខណ្ឌ អធិការខណ្ឌ អមដោយព្រះរាជអាជ្ញារងលោក សៀង សុខ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត ចុះពិនិត្យផ្ទាល់នៅតំបន់ត្រពាំងឈូក។
លោកអភិបាលរាជធានី បានប្រាប់ក្រុមអ្នកកាសែតថា «ត្រពាំងឈូកនេះ ពីដើមឡើយ គឺជាកន្លែងអាងស្តុកទឹកមួយ របស់សាលារាជធានីភ្នំពេញ ដែលមានជម្រៅពី ២ម៉ែត្រទៅ៥ម៉ែត្រ ទុកសម្រាប់រំដោះទឹកជំនន់ នៅរាជធានីភ្នំពេញ រៀងរាល់ខែវស្សាម្ដងៗ។ ក្រោយមកប្រជាពលរដ្ឋបាននាំគ្នា មកតាំងទីលំនៅជាបន្តបន្ទាប់ ធ្វើឲ្យអាងស្តុកទឹកដ៏ធំមួយនេះ ក្លាយទៅជាតំបន់កខ្វក់មួយ ពោរពេញទៅដោយគំនរសំរាមដ៏ល្វឹងល្វើយ។ សព្វថ្ងៃនេះ គ្រាន់តែសំរាមក៏មានកម្រាស់ពី ១ម៉ែត្រទៅ២.៥ម៉ែត្រដែរ ប្រជាពលរដ្ឋក៏ទ្រាំរស់នៅទីនោះ ទាំងគ្មានអនាម័យ បរិស្ថានមិនល្អ គ្មានផាសុខភាពឡើយ»។
លោកបានបន្តទៀតថា ដោយសារបញ្ហាដ៏ស្មុគស្មាញ និងមានឆន្ទៈដោះស្រាយបញ្ហាបែបនេះផងនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញគម្រោង ចង់ប្រែក្លាយតំបន់ត្រពាំងឈូកនេះ ឲ្យទៅតំបន់លំនៅដ្ឋានថ្មីមួយ ដែលមានរបៀបរៀបរយល្អប្រសើរ មានសណ្ដាប់ធ្នាប់ ធានាសុវត្ថិភាពពេញលេញ ជូនប្រជាពលរដ្ឋ គួបផ្សំជាមួយបរិស្ថាន អនាម័យ និងផាសុខភាពល្អគ្រប់គ្រាន់។
ប្រមុខដឹកនាំរដ្ឋភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីអនុវត្តន៍ការងារនេះបាន ក្រុមមន្រ្តីពាក់ព័ន្ធក្នុងរាជធានី នឹងចុះជួបពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាមុនសិន ដោយសាលារាជធានី នឹងបើកវេទិកាជាមួយប្រជាពលរដ្ឋ ដើម្បីឈានទៅការធ្វើជំរឿនស្ថិតិជូនពួកគាត់ និងគ្រប់គ្រងសាលកបត្រដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់ ឲ្យបានច្បាស់លាស់។
លោកអភិបាលរាជធានី បានសង្កត់ធ្ងន់ថា ទោះតាមវិធីណាក៏ដោយ ក៏ការអនុវត្តគម្រោងកែប្រែមុខមាត់តំបន់ត្រពាំងឈូកនេះ ត្រូវតែធ្វើតាមគោលការណ៍ស្រុះស្រួលគ្នា ដាច់ខាតមិនមានការប្រើអំណាចសង្កត់សង្កិន លើប្រជាពលរដ្ឋឡើយ៕