(ស្ទឹងត្រែង)៖ គ្រួសារស្ត្រីក្រីក្រម្នាក់ ដែលបានសម្រាលកូនជាលើកដំបូង នៅកណ្តាលវាលនាទីជនបទដាច់ស្រាយាលមួយ ទទួលបានការ យកចិត្តទុកដាក់ គិតគូពីភាពសុខទុក្ខ និងទទួលបានការឧបត្ថម្ភជាថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ពីមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង នាថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
អំណោយសប្បុរសរបស់ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នៅគ្រានោះរួមមាន៖ ថវិកា២០ម៉ឺនរៀល, ឃិត១កញ្ចប់, មុង១ ទឹកបរិសុទ្ធ១០យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងអង្ករ១បេតូច ស្មើនឹង២០គីឡូក្រាមនោះថែមទៀត ជូនដល់ស្រ្តីម្នាក់ឈ្មោះ ថេង ធារី អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របូរី ខេត្តក្រចេះ និងទើបមករស់នៅធ្វើស្រែចំការ នៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក បាន១ឆ្នាំប៉ុណ្ណោះ។
ការសម្រាលកូនរបស់ស្ត្រីនេះ គឺជាលើកដំបូងហើយ សំរាប់ជីវិតអាពាហ៍ពិពាហ៍១ឆ្នាំកន្លងមកនេះ។មន្ត្រីអាវុធហត្ថខេត្តលោក អ៊ុន វណ្ណា ដែលនាំយក អំណោយសប្បុរសរបស់មេបញ្ជាការអាវុធហត្ថខេត្ត ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ទៅឧបត្ថម្ភដល់គ្រួសារស្ត្រីឆ្លងទន្លេ នៅកណ្តាលវាលស្រែ នាថ្ងៃ២៧កុម្ភះម្សិលមិញនោះ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់មេបញ្ជាការអាវុធហត្ថខេត្ត ដល់គ្រួសារស្ត្រីឆ្លងទន្លេ។
លោក អ៊ុន វណ្ណាន បានបន្តថា ដោយមើលឃើញពីការខ្វះខាតលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រីដែលមានគត៌ហើយសម្រាលកូន ដែលមានជីវភាពទន់ខ្សោយ លោកមេបញ្ជាការតែងបានគិតគូជានិច្ច មិនចំពោះថា នៅទីណានោះទេ បើទោះបីជាត្រូវបរិច្ចាគថវិកា ឬសម្ភារៈផ្ទាល់ខ្លួន ក៏លោកឧត្តមសេនីយ៍មេបញ្ជាការ មិនដែលគិតនោះទេ អ្វីដែលសំខាន់ គឺជួយដោះទុក្ខធុរៈគ្នាពេលជួបការលំបាក។
ស្វាមីស្ត្រី ថេង ធារី បានសម្តែងក្តីដឹងគុណជាពន្លឹក ចំពោះទឹកចិត្តធម៌សប្បុរស របស់មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងដែលបានជួយ ឧបត្ថម្ភគាំទ្រ ទាំងស្មារតី ថវិកា និងគ្រឿងបរិភោគគ្រប់មុខគ្រាដែល ពួកគេកំពុងជួបប្រទះនូវការខ្វះខាត។ លោកថា លោកគ្មានពាក្យពេចន៍អ្វីនឹងថ្លែង ឲ្យសក្តិសមនឹងទំហំចិត្ត ដែលលោកមេបញ្ជាការបានជួយមកដល់ គ្រួសារលោកបានទាន់ពេលវេលានេះទេ ហើយសូមឲ្យសេចក្តីល្អរបស់លោកបានជួប ប្រសព្វនូវតែនឹងសេចក្តីជ័យជំនះ គ្រប់ភារកិច្ចចំពោះមុខជានិច្ច។
សូមជម្រាបថា នៅថ្ងៃ២៧ កុម្ភៈម្សិលមិញនេះ ស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះ ថេង ធារី អាយុ២៦ឆ្នាំ រួមជាមួយប្អូនស្រី៣នាក់ទៀត បានទៅចូលបុណ្យ លើកធាតុជីដូន នៅខ្ទមស្រែមួយមានចម្ងាយពីភូមិជិត១គីឡូម៉ែត្រ លុះដើរបានជាង១០០ម៉ែត្រ ស្ត្រីនោះបានប្រាប់ថា ឈឺចង្កេះ ដោយពុំនឹកស្មានថា ជាការឈឺពោះសម្រាលកូននោះទេ បន្ទាប់មកក៏ស្រាប់ឈឺពោះកាន់តែខ្លាំង និងដើរមិនរួច ទើបសម្រាលនៅកណ្តាលស្រែតែម្តងទៅ។
ស្របពេលជាមួយគ្នានោះផងដែរ មានអ្នកគ្រូពេទ្យឆ្មបម្នាក់ បានធ្វើដំណើរឆ្លងកាត់ទីនោះ ហើយបានប្រទះឃើញក៏ស្ទុះមកជួយ និងបានរាយការណ៍ទៅ ប្រធានមណ្ឌលសុខភាពស្រែក្រសាំង គឺលោក ឯម ប៊ុនសុំ បានដឹង ហើយលោកប្រធានមណ្ឌល ក៏បានបញ្ជូនពេទ្យឆ្មបពីរនាក់ និងសម្ភារៈពេទ្យ មួយចំនួនមកជួយស្ត្រីនោះឆ្លងទន្លេបានរួចរាល់ ព្រមទាំងបានបញ្ជូនមកកាន់មណ្ឌលសុខភាព ដើម្បីជួយព្យាបាល។ប្រធានមណ្ឌលសុខភាព លោក ឯម ប៊ុនសុំ បានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះកូន និងម្តាយ មានសុខភាពល្អជាធម្មតានោះទេ។
លោកបានបញ្ជាក់បន្ថែមថា ខាងមណ្ឌលសុខភាព បានចុះផ្សព្វផ្សាយអប់រំដល់មូលដ្ឋានជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង ពីផលវិបាក នៃការសម្រាលកូន ដោយមិនមានពេទ្យបង្កើតឲ្យបានត្រឹមត្រូវ ប៉ុន្តែការផ្សព្វផ្សាយនោះមានប្រជាពលរដ្ឋខ្លះចូលរួម និងខ្លះទៀតមិនបានចូលរួម ស្តាប់នោះទេ។ ហើយខណៈនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាមកសម្រាលកូននៅមណ្ឌលសុខភាព ដោយមិនចាំបាច់បង់ សេវាថ្លៃបង្កើតអ្វីទាំងអស់ ចំណែកអ្នកខ្វះខាតផ្នែកជីវភាព និងមធ្យោបាយធ្វើដំណើរ សូមឲ្យដំណឹងមកមណ្ឌលសុខភាព នឹងចាត់ចែងមធ្យោបាយ ជួយនាំយកស្ត្រីពោះធំ មកកាន់មណ្ឌលសុខភាពឲ្យបានទាន់ពេលវេលា៕