(ភ្នំពេញ)៖ ជំលោះរឿងរ៉ាវទិញ លក់អាជ្ញាប័ណ្ណខ្សាច់រវាងឧកញ៉ា យិន សុវណ្ណី និង លោក ឡៅ ស៊ុនប៉ា អតីតអភិបាល​ខេត្ត​កណ្ដាល មកពីកូតា​គណបក្សហ៊្វុនសិនបុិច កាលពីជិ​ត១០ឆ្នាំមុន រហូតមកដល់ពេលនេះនៅមិនទាន់ចប់នៅឡើយនោះទេ ព្រោះតែភាគីលោក​ឧកញ៉ា យិន សុវណ្ណី ដែលជាអ្នកចាញ់ក្ដី​ត្រូវតុលាការរឹបអូសយកផ្ទះ ទៅលក់ឡៃឡុង​ផ្ដល់ជាសំណង​ដល់ភាគីឈ្នះក្ដីនោះ នៅតែព្យាយាមស្វែងរកយុត្តិធម៌ តាមផ្លូវច្បាប់តាមរយៈការក្រាបបង្គំទូលថ្វាយ សូមព្រះរាជ​អន្តរាគមន៏ពី​ព្រះមហាក្សត្រ ក្នុងនាមព្រះអង្គជាប្រធានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមអោយ​មានការសើរើ​ជំនុំជំរះជាថ្មី លើសាលក្រម​ស្ថាពរឡើងវិញ ព្រោះលោកចាត់ទុកថាការជំនុំជំរះកន្លងមកមាន ភាពមិនប្រក្រតី។

ក្រោយមានការស្នើសុំព្រះរាជអន្តរាគមន៏ពីព្រះមហាក្សត្រតាមរយៈលោកអង្គ វង្សវឌ្ឍានា សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្​គចៅក្រម និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួចមក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ព្រះមហាក្សត្របានផ្ញើ ព្រះរាជសារមួយ​ច្បាប់ពាក់ព័ន្ធករណី​បណ្ដឹង​របស់ឈ្មោះ យិន សុវណ្ណី សុំសើរើជំនុំជំរះសារជាថ្មីលើសាលក្រម ស្ថាពរលេខ០១(វ\ហ)ចុះថ្ងៃទី​១៥ ខែ០១ ឆ្នាំ២០១១ របស់សាលាដំបូងខេត្តកណ្ដាលខាងលើនេះ ជូនទៅលោកអង្គ វង្សវឌ្ឍានា សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គ​ចៅក្រម និងជារដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ពិនិត្យតាម​នីតិវិធីច្បាប់។

ក្រោយទទួលបានព្រះរាជសារ របស់ព្រះមហាក្សត្រ នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ថ្មីៗនេះ លោកអង្គ វង្សវឌ្ឍានា បានធ្វើ​លិខិតជំរាបជូន​ទៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្តកណ្ដាល​ ដោយយោងតាមព្រះរាជសារ លោកបានស្នើសុំ​អោយប្រធានតុលាការ និង អយ្យការខេត្តកណ្ដាលពិនិត្យពិចារណាលើសំណូមពរ របស់ម្ចាស់បណ្ដឹង​អោយស្រប​តាមនីតិវិធី នៃច្បាប់។

រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថាប្រធានតុលាការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ចាត់ការយ៉ាង​ណា​នៅឡើយនោះទេ។

ខាងក្រោមនេះ ជាព្រះរាជសាររបស់​ព្រះមហាក្សត្រផ្ញើជូន លោក អង្គ វង្សវឌ្ឍានា សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ និងលិខិតរបស់​ លោក អង្គ វង្សវឌ្ឍានា ផ្ញើជូន​ប្រធានតុលាការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល៖