(ភ្នំពេញ)៖ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល ដឹកនាំដោយលោក គឿន ភិរុណ អនុប្រធាននាយកដ្ឋាន​កិច្ចការការពារ​អ្នកប្រើ​ប្រាស់ និងបង្រ្កាបការក្លែងបន្លំ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ ក៏ដូចជាតម្លៃលក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធៈនានា ស្ថិតតាមបណ្តោយវិថីខេរមៈភូមិន្ទ ហៅផ្លូវ២៧១។

ប្រតិបត្តិការចុះ​ត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈនេះ ធ្វើឡើងតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូ​រាជរដ្ឋា​ភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ក្នុងបំណងបង្ការ និងទប់ស្កាត់សកម្មភាព​លក់ប្រេង​គ្មានគុណភាព ក៏ដូចជាការលក់លើសថ្លៃកំណត់របស់ក្រសួង ដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោក គឿន ភិរុណ បានថ្លែងបញ្ជាក់ថា ពេលចុះត្រួតពិនិត្យនោះ មន្រ្តីបានប្រើប្រាស់​បំពង់ដែកក្រិតចំនួន​មាឌជាក់លាក់​សម្រាប់​​វាស់មាឌប្រេង ដែលបាញ់ចេញពីម៉ូទ័រតាមទំហំផ្សេងខុសគ្នាចំនួន ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ ដែលម៉ូតូ និងយានយន្តជាទូទៅតែងតែចាក់បំពេញ។ រីឯសន្ទស្សន៍អុកតានប្រេងសាំងវិញ គឺមានឧបករណ៍វាស់អុកតាន Zx101xL និង Zx101c សម្រាប់វាស់អុកតានប្រេងសាំង Super (៩២) និង Regular (៩៥)។ ឧបករណ៍ទាំងពីរប្រភេទនេះ សុទ្ធតែបានធ្វើ​ព្យាសកម្ម​នៅស្ថាប័ន ដែលបន្ទុករង្វាស់រង្វាល់ក្នុង និងក្រៅប្រទេស។

លោក គឿន ភិរុណ បន្តថា ក្រោយពេលពិនិត្យក្នុងចំណោមស្ថានីយប្រេងឥន្ធនៈជាច្រើននាព្រឹកមិញនេះ គឺរកឃើញស្ថានីយ​មួយ មានកំហុសឆ្គងបច្ចេកទេស ដែលតម្រូវឲ្យធ្វើកិច្ចសន្យាកែប្រែជាបន្ទាន់។ ចំណែកថ្លៃប្រេងឥន្ធនៈវិញ មិនមានការលក់​លើសពីសេចក្តីជូន​ដំណឹងរបស់ក្រសួងពាណិជ្ជកម្មនោះទេ។

លោកអនុប្រធាននាយករដ្ឋាន បានបញ្ជាក់ដែរថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈនេះ នឹងបន្តធ្វើទូទាំងប្រទេស។ ជាមួយ​គ្នានេះ លោក គឿន ភិរុណ បានអំពាវនាវដល់អតិថិជន អ្នកប្រើប្រាស់ម៉ូតូ និងរថយន្តទាំងអស់ ត្រូវប្រុងប្រយ័ត្ន​នៅពេលចូល​ចាក់​សាំងតាមស្ថានីយប្រេងឥន្ធនៈ ដោយត្រូវពិនិត្យកុងទ័រឲ្យនៅត្រង់ចំណុចសូន្យជានិច្ចមុនពេលចាក់ ហើយពិនិត្យចំនួន​បរិមាណលីត្រចុងក្រោយ ដែលត្រូវស្មើនឹងតម្លៃប្រេងតម្រូវឲ្យចាក់៕