(បាដាត)៖ ខណៈដែលសហរដ្ឋអាមេរិកកំពុងជួយកងកម្លំាងរដ្ឋាភិបាលអ៊ីរ៉ាក់ វាយលុកទៅលើក្រុម ISIS នៅតំបន់ភាគខាងលិចទីក្រុង Mosul នោះ មនុស្សច្រើនជាង ២,០០០នាក់បានរត់ភៀសខ្លួនចេញពីទីក្រុង កាលពីចុងសប្ដាហ៍កន្លងនេះ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរជនស៊ីវិលជាង ៧៥០,០០០នាក់ត្រូវបានគេជឿជាក់ថាកំពុងជាប់គាំងនៅក្នុងតំបន់ប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅឡើយ។ នេះបើតាមរបាយការណ៍ពីអង្គការ UNICEF ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងប្រាប់ Russian Today អ្នកសម្របសម្រួលផ្នែកសង្រ្គោះបន្ទាន់ប្រចំាតំបន់នៃអង្គការ UNICEF លោក Bastien Vigneau បានលើកឡើងដូច្នេះថា «យើងជឿជាក់ថាប្រជាជនជាង ៧៥០,០០០នាក់ក្នុងនោះមានកុមារភាគច្រើនជាង ៣០០,០០០នាក់កំពុងជាប់គាំងនៅក្នុងតំបន់ភាគខាងលិចទីក្រុង Mosul ខណៈមនុស្សជាងពាក់កណ្ដាលនៃប្រជាជនទំាងនេះបាននិងកំពុងរត់ភៀសខ្លួនចេញពីទីក្រុងមួយនេះ»។
គួរបញ្ជាក់ថាបើតាម UNICEF ជនស៊ីវិលដែលរត់ភៀសខ្លួនចេញពីភាគខាងលិចទីក្រុង Mosul អាចនឹងកើនដល់ទៅ៤០០,០០០នាក់។ បន្ថែមពីនេះកងទ័ពអ៊ីរ៉ាក់ហាក់កំពុងតែមានកម្លាំងខ្លាំងឡើងៗក្នុងការប្រយុទ្ធដណ្តើមទីតាំងសំខាន់ៗជាច្រើនពីតំបន់ស្នូល នៃក្រុមភេរវករលេខ១លើលោកយើងនេះ៕