(ភ្នំពេញ)៖ អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ដប្រណីត Mercedes-Benz ដែលបានចំណាយពេលសាងសង់អស់ប្រមាណ២ឆ្នាំ និងចំណាយទឹកប្រាក់ជាង៩លានដុល្លារអាមេរិក បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលអគារថ្មីនេះ មានទីតាំងស្ថិតនៅក្រុងរណប អាយ ជី ស៊ីធី តាមបណ្ដោយមហាវិថី សម្ដេច ហ៊ុន សែន ឬហៅ ផ្លូវ៦០ម៉ែត្រ ក្បែរសាលារៀអន្ដរជាតិភ្នំពេញ ISPP។
លោក Wolfgang Huppenbauer ប្រធាននាយកប្រតិបត្តិ Mercees-Benz ប្រចាំអាស៊ីអាគ្នេហ៍ បានថ្លែងឲ្យដឹងថា អស់រយៈពេល២ឆ្នាំហើយ ដែលក្រុមហ៊ុនបានរៀបចំសាងសង់អគារ តាំងបង្ហាញ និងមជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ដនេះឡើង ។ អគារថ្មីនេះគឺជាកន្លែងមួយ ដែលអាចធ្វើឲ្យអតិថិជន មានអារម្មណ៍ប្រកបដោយផាសុខភាព នៅពេលទទួលយកបទពិសោធន៍ ពីរថយន្ដម៉ូដែលប្រណិតៗ ដែលក្រុមហ៊ុនផ្ដល់ជូន។ អគាថ្មីនេះបំពាក់ទៅដោយឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបៗព្រមទាំង ឃ្លាំងគ្រឿងបន្លាស់ដ៏ធំមួយ និងមានគ្រឿងបន្លាស់គ្រប់មុខផងដែរ។
លោកស្រី តឹង រ៉េតកម្រង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅនេះ កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា រក្សាបានដោយភាពរឹងមាំ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋសមរម្យ គោលនយោលបាយល្អ ទើបធ្វើឲ្យសេដ្ឋកិច្ចរបស់យើង ដំណើរការទៅយ៉ាងល្អ។ ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន Merceds-Benz បានវិនិយោគក្នុងប្រទេសកម្ពុជា ព្រមទាំងបានដាក់តាំងបង្ហាញនៅអគារដ៏ទំនើប និងឥតខ្ជោះក្នុងទីក្រុងភ្នំពេញ ថែមទាំងជួយដល់ផ្នែកបរិស្ថាន ផ្ដល់ផាសុខភាពដល់ប្រជាពលរដ្ឋ អតិថិជនដែលបានចូលមកជួសជុល។
លោកស្រីបានបញ្ជាក់ដែលថា កំណើនរថយន្ដនៅកម្ពុជាមានរថយន្ដថ្មីៗគ្រប់ប្រភេទ ដែលបានចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ហើយក្នុងឆ្នាំ២០០៥ រហូតមកដល់ឆ្នាំ២០១៤ កំណើនរថយន្ដនៅកម្ពុជា កើនដល់ជាង១៦០ភាគរយ ហើយនេះសបញ្ជាក់ពីការរីកចំរើន ក្នុងវិស័យវិនិយោគ ក៏ដូចជាវិស័យធុរកិច្ចផងដែរ។
លោកស្រីថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាល បានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យឯកជន ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីសម្រាប់ជម្រុញកម្លាំងសេដ្ឋកិច្ច៕