(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា គ្រោងនឹងចុះកិច្ចព្រមព្រៀង ជាមួយមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage under the auspices of UNESCO) និង វិទ្យាស្ថាន RADI (Institute of Remote Sensing and Digital Earth) នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន(Chinese Academy of Sciences) ដើម្បីបន្តគម្រោងសហប្រតិបត្តិការ ស្តីពីការប្រើប្រាស់ បច្ចេកវិទ្យាអវកាស សម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅតំបន់សៀមរាប នៅចុងខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
កិច្ចពិភាក្សាស្តីពី គម្រោងបន្តចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរៀបចំឡើង នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងប្រតិភូ នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Wang Enge អនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រចិន។
គោលបំណងចម្បង នៃគម្រោងសហប្រតិបត្តិការនេះគឺ បណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាអវកាស (Remote Sensing) សម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាព នៃតំបន់អាងផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសៀមរាប ស្ទឹងពួក ស្ទឹងរលួស និងភ្នំគូលែន។
ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងនេះបានចូលរួមបណ្តុះបណ្តាលមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាបានចំនួន៦លើក ដោយក្នុងនោះ៥លើកនៅសាធារណរដ្ឋប្រជាមានិតចិន បណ្តុះបណ្តាលបានចំនួន១៣រូប និង១លើកទៀត រៀបចំនៅ ទីស្នាក់ការអាជ្ញាធរជាតិអប្សរាផ្ទាល់ ដោយសាស្ត្រាចារ្យមកពីវិទ្យាស្ថានRADI និងមជ្ឈមណ្ឌលHIST។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាវិទ្យាសាស្ត្រចិន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣កន្លងមក អាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌល HIST នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីបង្កើតឲ្យមានគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប ដែលហៅថា គម្រោងបច្ចេកវិទ្យាអវកាសសម្រាប់បរិស្ថាននៃឧទ្យានអង្គរ(REAS : Remote Sensing for Environmental of Angkor Site Project)។
គម្រោងដដែលនេះ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ រវាងអាជ្ញាធរជាតិ អប្សរា និងវិទ្យាស្ថាន RADI នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន និងមជ្ឈមណ្ឌល HIST សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការ ប្រើប្រាស់ទិន្នន័យពីផ្កាយរណប របស់ប្រទេសចិន(China’s Satellite Quicklook Data Service)។
យោងតាមអនុស្សរណៈនៃការយោគយល់គ្នា មួយទៀតនេះ វិទ្យាស្ថានRADI បានផ្តល់មកឲ្យអាជ្ញាធរជាតិអប្សរា បានបង្កើត ស្ថានីយផ្កាយរណបសិប្បនិមិ្មតមួយ(Virtual Ground Station)ក្នុងទីស្នាក់ការ អាជ្ញាធរជាតិអប្សរា និងផ្តល់ឲ្យទិន្នន័យពី ផ្កាយរណប ចំនួនពីរ របស់ប្រទេសចិន និងបានបណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា អំពីការប្រើប្រាស់ឧបករណ៍ និងកម្មវិធីទាំងនោះ ដែលស្ថានីយមួយនេះ កំពុងដំណើរការមកដល់សព្វថ្ងៃ៕