(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៩១គ្រួសារ មកពីឃុំទាំង៥ រួមមាន ឃុំសន្តិភាព ឃុំសេកុង ឃុំថ្មកែវ ឃុំព្រែកមាស និងឃុំស្រែសំបូរ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណសាលាស្រុកសៀមប៉ាង។

នៅក្នុងឱកាសសំណេះសំណាលជាមួយគ្រួសារទទួលផល លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំងអស់ និងបានណៃនាំដល់បងប្អូន សូមថែរក្សាអនាម័យ និងពិសារទឹកឆ្អិន។ ជាងនេះទៅទៀត សូមបងប្អូនទាំងអស់ សូមកុំពិសារគ្រឿងស្រវឹង និងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចនៅពេលធ្វើដំណើរទៅទីជិតឬឆ្ងាយ  ព្រមទាំងកុំរើសអើង​អ្នករស់នៅ​ជាមួយមេរោគអេដស៍។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ រំភើប ឥតឧបមា និងបានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ ជាព្រះប្រធានកិត្តិយស និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ជានិច្ចកាលតែងតែយកព្រះទ័យ និងចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ គ្រប់ទិសទីដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលចែកជូនគ្រួសារនីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕