(ព្រះវិហារ)៖ លោកឧត្តមសរនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាឲ្យមន្ត្រីអាវុធហត្ថទាំងអស់ទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់បង្ក្រាប ទប់ស្កាត់ ការបំផ្លាញធនធានធម្មជាតិ ការជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធិភាព។
ការបញ្ជាបែបនេះរបស់លោកឧត្តមសរនីយ៍ត្រី កង សៅគុណ ក្នុងឱកាសដែលលោកបានដឹកនាំអង្គប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចការងារ ប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមិនា ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោកឧត្តមសរនីយ៍ត្រី បានលើកឡើងនូវតួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថ ដោយត្រូវខិតខំធ្វើការងារ មិនត្រូវធ្វើការបែងចែកតួនាទីភារកិច្ចនោះទេ។ លោកបានបន្តថា «ចំពោះកិត្តិយស និងស្នាដៃ ដែលយើងទទួលបានពីថ្នាក់ដឹកនាំ មិនមែនបានមកលើបុគ្គលណាម្នាក់នោះទេ គឺបានមកលើអង្គភាពអាវុធហត្ថខេត្តទាំងមូល ដូច្នេះការងារផ្សេងៗ មិនបាច់ប្រកាន់តួនាទីនិងភារកិច្ចនោះទេ»។
លោកឧត្តមសេនីយីត្រី កង សៅគុណ បានលើកឡើងនូវស្នាដៃដែលកម្លាំង អាវុធហត្ថយើងបង្ក្រាបបទល្មើសបានជាច្រើនករណី ហើយនៅខែមិនា ខាងមុខនេះ យើងត្រូវខិតខំបន្ថែមទៀត បង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធិភាពស្របតាមទិសដៅ ប្រមុខរាជរដ្ឋាភិបាល មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ៕