(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានប្រកាសបើកដំណើរការទំព័រ Facebook ផ្លូវការឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោយផ្អាកដំណើរការមួយរយៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
ការដាក់ដំណើរការទំព័រ Facebook របស់អាជ្ញាធរជាតិអប្សរា នាពេលនេះ បានធ្វើឡើងក្រោយពីក្រុមបច្ចេកទេស Facebook ផ្លូវការ បានខិតខំប្រឹងប្រែងទប់ស្កាត់ និងដោយមានការសហការពីអាជ្ញាធរជាតិអប្សរា រាយការណ៍ឲ្យគ្រប់គ្រងបានទាន់ពេលវេលា។
សូមជំរាបថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ មានជនអនាមិក បានលួចចូលគ្រប់ទំព័រ Facebook ផ្លូវការ និងគណនី Facebook ពាក់ព័ន្ធមួយចំនួនរបស់អាជ្ញាធរជាតិអប្សរា បណ្តាលឲ្យមានការផ្សព្វផ្សាយពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា តាមរយៈទំព័រ Facebook ផ្លូវការ រហូតដល់មានការខកខានដំណើរការអស់មួយរយៈ៕