(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វត្តមានធនាគារ មីហ៊្សូហូ របស់ប្រទេសជប៉ុននៅកម្ពុជា គឺជាការទុកចិត្តយ៉ាងល្អមួយ សម្រាប់ប្រព័ន្ធធនាគារនៅកម្ពុជា។
ការលើកឡើងបែបនេះ របស់លោកទេសាភិបាល ធ្វើឡើងក្រោមជំនួបពិភាក្សារវាង លោក អ៊ីម៉ាសេ អ៊ីជិ នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ី និងអូសេអានី របស់ធនាគារ មីហ្ស៊ូហូ និងលោក ជា ចាន់តូ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ជា ចាន់តូ បានឲ្យដឹងថា ការបង្ហាញវត្តមាន របស់ធនាគារមីហ៊្សូហូ នៅកម្ពុជានាពេលនេះ ក៏បានបញ្ជាក់ឲ្យឃើញពី
ការជឿជាក់ប្រកបដោយភាពប្រាកដនិយមមួយ ចំពោះភាពរីកចម្រើនរបស់វិស័យធនាគារកម្ពុជា ពិសេសចំពោះគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែគាំពារគ្រប់បែបយ៉ាង ដល់អ្នកវិនិយោគទុនដែលបានបណ្ដាក់ទុន រកស៊ីនៅកម្ពុជា។
លោកថា តាមរយៈធនាគារ មីហ៊្សូហូ ក៏បង្ហាញឲ្យឃើញច្បាស់ដែរថា កម្ពុជាពិតជាមានស្ថិរភាព និងមានសក្ដានុពលច្រើនសម្រាប់ការវិនិយោគជប៉ុនមួយនេះ នឹងទាក់ទាញអ្នកវិនិយោគទុនជប៉ុន ឲ្យមកបោះទុនវិនិយោគកាន់តែច្រើន នៅកម្ពុជាទៀតផង ។
សូមបញ្ជាក់ថា ធនាគារមីហ៊្សូហូនេះ បានទទួលអាជ្ញាបណ្ណ័ ពីធនាគារជាតិនៃកម្ពុជា ហើយកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីធ្វើប្រតិបត្តិការនៅកម្ពុជា។ ហើយកាលពីរសៀល ថ្ងៃទី២៧កុម្ភៈកន្លងទៅនេះ ធគារមីហ៊្សូហូ ក៏បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាផ្លូវការហើយដែរ ដើម្បីជម្រុញវិនិយោគរបស់ក្រុមហ៊ុនជប៉ុន មកកម្ពុជា និងការលើកកម្ពស់ភាពជាដៃគូ រវាងកម្ពុជានិងជប៉ុន ។
បច្ចុប្បន្ននេះ ធនាគារមីហ៊្សូហូ គឺជាធនាគារធំមួយក្នុងចំណោមធនាគារធំៗចំនួន៣ នៅប្រទេសជប៉ុននឹងមាន ប្រតិបត្តិការធុរកិច្ចចំនួន ៥៤៨កន្លែង នៅលើកពិភពលោកក្នុងនោះ ក៏មានប្រតិបត្តិករនៅប្រទេសអាស៊ានចំនួន៨ផងដែរ រួមមាន ឥណ្ឌុណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ។
គួររំលឹកទៀតថា សព្វថ្ងៃនេះធនាគារមកពីប្រទេសជប៉ុន ដែលបានមករកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា មានចំនួន៣ រួមមាន ធនាគារ Mizuho, ធនាគារ Maruhan និង AEON ហើយនៅក្នុងធនាគារស្ថាបនា ក៏មានភាគហ៊ុនរបស់ Maruhan Bank ផងដែរ៕