(ឡាវ)៖ កិច្ចប្រឹងប្រែង ដើម្បីស្តារធនធានមច្ឆជាតិ ក្នុងដែនទឹកសាបនៃអាងទន្លេមេគង្គ និងសេកុង កំពុងប្រព្រឹត្តិទៅយ៉ាងរលូន ជាមួយការអនុវត្តផែនការនានា ដើម្បីឆ្ពោះទៅរកការបង្កើតផែនការ គ្រប់គ្រងជលផលរួមគ្នាមួយ រវាងកម្ពុជា និងឡាវ។
ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងនេះ អ្នកឯកទេសជលផលមកពីប្រទេសទំាងពីរ ដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ (MRC) បានជួបប្រជុំរយៈពេលពីរថ្ងៃនៅខេត្តសៀមរាប កាលពីពាក់កណ្តាល ខែ កុម្ភៈ ដើម្បីពិភាក្សាអំពីជំហានចាំបាច់នានា សម្រាប់ការរៀបចំផែនការរួមមួយ ដើម្បីគ្រប់គ្រងត្រីចំនួន៥ប្រភេទ ដែលជាប្រភេទត្រី ធ្វើចរាចរក្នុងរយៈចំងាយឆ្ងាយ នៅក្នុងទន្លេទាំងពីរនេះ មានតម្លៃសម្រាប់សន្តិសុខស្បៀង និងដែលមានសារៈសំខាន់ សម្រាប់ពាណិជ្ជកម្ម ចំពោះប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការ គ្រប់គ្រងរួមគ្នា ដែលរៀបចំឡើងនៅក្រោមគម្រោង គ្រប់គ្រងជលផល នៅទន្លេមេគង្គ និងទន្លេសេកុង របស់ MRC ក្រុមទាំងពីរបានពិភាក្សាធាតុសំខាន់ៗ ដែលជាស្នូលនៃផែនការគ្រប់គ្រងនេះ ដែលរួមទាំង វិធានការសម្រាប់គ្រប់គ្រងប្រភេទត្រីនីមួយៗផងដែរ។
ប្រទេសទាំងពីរនឹងបន្តកែលំអ សេចក្តីព្រាងផែនការគ្រប់គ្រងជលផលរួមគ្នានេះ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីស្វែងយល់ពីទស្សនៈ និងតម្រូវការរបស់អ្នកពាក់ព័ន្ធនានា។
លោក Chanthachit Amphaychit អគ្គនាយករង នៃគណៈកម្មាធិការជាតិទន្លេមេគង្គឡាវ បានលើកឡើងថា «ផែនការគ្រប់គ្រងរួមនេះ នាំអោយប្រទេសទាំងពីរ ធ្វើការជាមួយគ្នា ដើម្បីរួមគ្នាគ្រប់គ្រងធនធានជលផល របស់យើងឲ្យបានប្រសើរជាងមុន ដែលនឹងរួមចំណែក ក្នុងការបង្កើនបរិមាណត្រី»។
ត្រីសចំនួន៥ប្រភេទ ដែលត្រូវបានចាត់ទុកជាតំណាង ឲ្យសុខភាពនៃប្រព័ន្ធជលផលទឹកសាប ក្នុងទន្លេមេគង្គ និងសេកុង រួមមាន ត្រីពោ (Pangasius larnaudiei), ត្រីកែ (Pangasius conchophilus), ត្រីព្រួល (Cirrhinus microlepis), ត្រីប៉ាស៊ីអ៊ី (Mekongina erythrospila) និងត្រីប្រាកណ្តុរ (Helicophagus waandersi) ។
អ្នកឯកទេសជលផលមកពីកម្ពុជា និងឡាវ បានលើកឡើងនៅក្នុងកិច្ចប្រជុំថា ផលចាប់នៃត្រីប្រភេទនេះ ភាគច្រើនមានទំហំតូច និងមធ្យម ចំណែកផលត្រីដែលមានទំហំធំ មានការថយចុះគួរឲ្យកត់សម្គាល់។
អ្នកជំនាញបានលើកឡើងថា ការកើនឡើងនៃការនេសាទ ការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ និងការរិចរឹលទីជម្រក គឺជាការគំរាមកំហែងចម្បង ចំពោះប្រភេទត្រីទឹកសាបទំាងនេះ។ គម្រោងនេះបានរកឃើញបញ្ហាដទៃទៀត ដែលដាក់សម្ពាធលើធនធានជលផលផងដែរ ដូចជាទិន្នន័យ និងព័ត៌មានអំពីវិស័យនេសាទ ដែលនៅមានកម្រិត និងសមត្ថភាព និងធនធានក្នុងការគ្រប់គ្រងជលផល ដែលនៅមានកំណត់ និងការប្រឈមនានា នៅក្នុងការអនុវត្តយន្តការគ្រប់គ្រង រួមដែលមានស្រាប់។
លោក ឆេង ផែន ប្រធានស្តីទីនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានជលផលទឹកសាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានលើកឡើងថា «តាមរយៈផែនការគ្រប់គ្រងរួមនេះ យើងសង្ឃឹមថា យើងនឹងអាចដោះស្រាយបញ្ហាប្រឈមនានា និងអាចស្តារធនធានត្រីទំាង៥ប្រភេទឡើងវិញ ដែលនឹងជួយទ្រទ្រង់សន្តិសុខស្បៀង ផ្តល់ឱកាសកាន់តែច្រើនជាងមុនសម្រាប់ការនេសាទ និងជួយឲ្យធនធានត្រីទឹកសាបក្នុងទន្លេមេគង្គ និង ទន្លេសេកុង មានភាពល្អប្រសើរ»។
បន្ថែមពីលើការបង្កើតផែនការ គ្រប់គ្រងជលផលរួមគ្នា ក្រុមទាំងពីរ បានឈានទៅកំណត់រកយន្តការ សម្របសម្រួលរួមគ្នាមួយ ដែលរួមទាំង ការបង្កើតស្ថានភាពគ្រប់គ្រងជលផលរួមគ្នា ដើម្បីអនុវត្តផែនការសកម្មភាពមួយ។ ប្រទេសទាំងពីរ នឹងពិនិត្យឡើងវិញនូវយន្តការសម្របសម្រួលឆ្លងដែន ដែលមានស្រាប់ និងកំណត់ពីតម្រូវការទិន្នន័យ និងព័ត៌មាននៅថ្នាក់ជាតិ សម្រាប់ការរៀបចំឯកសារយន្តការរួមមួយ។
ប្រទេសទាំងពីរ គ្រោងជួបប្រជុំគ្នាម្តងទៀតនៅដើមខែឧសភា ដើម្បីបន្តរៀបចំកិច្ចផ្តួចផ្តើមទាំងនេះ បន្ថែមទៀត។កម្ពុជា និងឡាវ កំពុងធ្វើការជាមួយគ្នា តាមរយៈគម្រោងជលផលនៅទន្លេមេគង្គ និងទន្លេសេកុងដើម្បីកែលម្អការគ្រប់គ្រងជលផល ក្នុងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ពោលគឺ ស្ទឹងត្រែង និងក្រចេះនៃប្រទេសកម្ពុជា និង ចំប៉ាសាក់ និង អត្តាពើ នៃប្រទេសឡាវ ដែលតភ្ជាប់ដោយអាងទន្លេទាំងពីរនេះ។ នេះជាគម្រោងមួយក្នុងចំណោមគម្រោងទាំង ៥ សម្រាប់តំបន់ជាប់ព្រំដែនដែលឧបត្ថម្ភដោយធនាគារពិភពលោក នៅក្រោមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ របស់ MRC។
មន្រ្តីពីកម្ពុជា និងឡាវ លើកឡើងថា នៅពេលគម្រោងនេះបញ្ចប់ក្នុងឆ្នាំ ២០១៨ សមិទ្ធផលដែលសម្រេចបានក្នុងគម្រោងនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងផែនការជាតិនៃប្រទេសទាំងពីរ។ ក្រុមទាំងនេះក៏នឹងពិភាក្សាអំពីរបៀបអនុវត្តផែការគ្រប់គ្រងជលផលរួមគ្នាផងដែរ ដើម្បីធានានិរន្តរភាពជនផលតាមតំបន់ជាប់ព្រំដែន ទៅអនាគត៕