(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅវេលាម៉ោង៣រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំអភិបាលរងលោក ឃួង ស្រេង ស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ ចុះទៅពិនិត្យផ្ទាល់ នៅទីតាំងត្រពាំងឈូក ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា តំបន់មិនរៀបរយត្រពាំងឈូក ជាសំបុកជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនធំជាងគេ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះបង្ក្រាបមិនចេះអស់ រហូតដល់សម្តេចក្រឡាហោម ស ខេង ប្រកាសឲ្យចុះបង្ក្រាបគ្រឿងញៀន ឲ្យខ្លាំងក្លាថែមទៀតផង។
លទ្ឋផល នៃយុទ្ឋនាការ បង្ក្រាបទីតាំងចរាចរណ៍គ្រឿងញៀន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល «នៅភូមិត្រពាំងឈូក» ក្នុងរយៈពេល២ខែកន្លងមកនេះ គិតចាប់តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២៣១នាក់ ក្នុងនោះ មានមនុស្សស្រីចំនួន១៨នាក់ រឹបអូសថ្នាំញៀនបានចំនួន៧១កញ្ចប់ និង២០គ្រាប់ ដែលជនជាប់សង្ស័យទាំងអស់នោះ សុទ្ធតែមានផ្ទុកសារជាតិថ្នាំញៀននៅក្នុងខ្លួន ហើយពួកគេមួយចំនួនធំជាអ្នកប្រើប្រាស់(សេព) និងមួយចំនួនទៀតជាអ្នកចែកចាយ ឬជួញដូរ ដែលត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការរួចរាល់ហើយ។
របាយការណ៍បានបង្ហាញថា ការរុះរើបន្ទប់ផ្ទះជួលបានចំនួន៩៨បន្ទប់ ក្នុងចំណោមផ្ទះជួលទាំងអស់១០៨បន្ទប់នៅតំបន់នោះ ដែលការរុះរើដោយបង្ខំ នេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរជូនដំណឹងឲ្យម្ចាស់រុះរើដោយខ្លួនឯង តែគេមិនអនុវត្តតាម
ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
អាជ្ញាធរបានធ្វើការស្រង់ស្ថិតិប្រជាជនរស់នៅ ក្នុងតំបន់ភូមិត្រពាំងឈូក នោះ ឬហៅភូមិបូរីកម្មករ ដែលជាតំបន់មានបញ្ហានេះរកឃើញថា មានប្រជាជនសរុបចំនួន២៩៨៤នាក់ ក្នុងនោះមាននុស្សស្រីចំនួន១៤៤៦នាក់ ចែកជា៦៦៣គ្រួសារ និងមានផ្ទះចំនួន៣៩៨ខ្នង ឬស្មើ៣៩៨ក្បាលដីឡូត៍។
សម្តេច ក្រឡាហោម ស ខេង បានចេញបទបញ្ជាដាក់ឱសានវាទ ឲ្យមន្ត្រីថ្នាក់ដឹកនាំ អាជ្ញាធរប្រចាំមូលដ្ឋាននេះត្រូវតែធ្វើ
ការបង្ក្រាបបទល្មើសថ្នាំញៀន «នៅភូមិត្រពាំងឈូក» នេះឲ្យអស់ជាដាច់ខាត ក្នុងរយះពេលតែ១ខែ មិនឲ្យផុតពីបំណាច់ខែកុម្ភៈ ឆ្នាំ២០១៧នេះឡើយ៕