(កំពង់ស្ពឺ)៖ ឆ្លើយតបតាមការអំពាវនាវ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងនាយ​ទាហាន នាយទាហានរងទាំងអស់ បានប្រមូលថវិកាចំនួន២លានរៀល ជូនក្រុមអ្នកជិះកង់​ដើម្បីរៃអង្គាសថវិកា​សម្រាប់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរួមចំណែកជួយព្យាបាលកុមារតូចៗ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ​គន្ធបុប្ផា ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី ហ៊ុន ស៊ីណាត ដែលបានចូលដល់ទីរួម​ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ គេបានឃើញមាន មន្ត្រីរាជការ ក្រុមយុវជនសភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សិស្សានុសិស្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចូលរួមជិះកង់ប្រមូលថវិការនេះជាច្រើនកុះករ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ព្រឹត្តិការណ៍ជិះដើម្បីរៃអង្គាសថវិកាដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ដែលរៀប​ចំក្នុង​ខេត្តកំពង់ស្ពឺ គឺចាប់ផ្តើមចេញដំណើរពីសាលាខេត្តឆ្ពោះ តាមមន្ទីរជុំវិញខេត្ត ស្នងការនគរបាលខេត្ត ផ្សារកំពង់ស្ពឺ បញ្ជាការដ្ឋានអាវុធហត្ថខេត្ត ផ្នែកឯកជននានាទៀត ។

លោកបានបន្តថា ព្រឹត្តិការណ៍ជិះកង់ប្រមូលថវិកា ក្នុងខេត្តកំពង់ស្ពឺ ក្រុមយុវជនជិះកង់VIP របស់ខេត្តកំពង់ស្ពឺ បានចូលរួមជា​មួយ​ថ្នាក់ដឹកនាំ យ៉ាងច្រើនកុះករ ដោយចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមមិនគិតពីការនឿយហត់ឡើយ៕