(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី និងចិន បានជួយសង្រ្គោះពលរដ្ឋខ្មែរ រងគ្រោះចំនួន៥នាក់ ឲ្យវិលត្រលប់មកកម្ពុជា ក្រោយចាញ់បោកមេខ្យល់ យកទៅធ្វើការងារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរចំនួន៤នាក់។
ទី១៖ ពលការិនី ស្រ្តីឈ្មោះ យ.ស.ល អាយុ២៣ឆ្នាំ មកពីស្រុកចំការលើ ខេត្តកំពង់ចាម រួមនឹងទី២.កូនប្រុសអាយុ៣ឆ្នាំ ត្រូវបាន មេខ្យល់បោកបញ្ឆោតនាំទៅម៉ាឡេស៊ី ដោយខុសច្បាប់។
ទី៣៖ ពលការិនី ជ.ស.ខ អាយុ៣៥ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់បោកបញ្ឆោត នាំទៅធ្វើការជាអ្នកបោសសំអាតនៅម៉ាឡេស៊ី ពីខែសីហាឆ្នាំ២០១៦។
ទី៤៖ ពលការិនី ស.ន អាយុ៣៧ឆ្នាំ មកពីស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត នៅខែវិច្ឆិកា ឆ្នាំ២០១៦ តាមការណែនាំរបស់មេខ្យល់។
ពលរដ្ឋខ្មែរទាំង៤នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៧៖៥០នាទីព្រឹក តាមជើងយន្តហោះ AK536 ។
ចំណែក ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសចិន អន្តរាគមជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍របស់ ស្រ្តីខ្មែរម្នាក់ ឈ្មោះ ហ.ស.ទ អាយុ២៨ឆ្នាំ ដែលចាញ់បោកមេខ្យល់ រៀបការជាមួយ បុរសជនជាតិចិន ហើយមានបំណងវិល ត្រឡប់មកកម្ពុជាវិញ។ ស្រ្តីរងគ្រោះ ហ.ស.ទ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២៣៖១៥ នាទី តាមជើងយន្តហោះ MU759៕