(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសជាថ្មីម្តងទៀតដោយជំរុញឱ្យកង កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវការពារសន្តិភាពរបស់ប្រទេសកម្ពុជា ដែលកំពុងមានសព្វថ្ងៃ ទោះជាត្រូវប្តូរក្នុងតម្លៃណាក៏ដោយ។
ការប្រកាសជាថ្មីរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងពិធី សម្ពោធអគារសិក្សានិងទីចាត់ការសរុប២១បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែនបឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ការផ្លាស់ប្តូររបបបាននាំមកនូវការសម្លាប់មនុស្សអស់យ៉ាងច្រើន ហើយនាំមកនូវសង្រ្គាមរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំ។ សម្តេចបានថ្លែងថា៖ «តើចាំបានទេ ដូរពីរបបសម្តេចនរោត្តម សីហនុ ទៅកាន់របបលន់នល់ សង្រ្គាមផ្ទុះភឹង ស្លាប់អស់មនុស្សប៉ុន្មាន? កើតមានរបបប៉ុលពត សង្រ្គាមរហូត ល្មមតែបញ្ចប់បាន។ ពីមុនមាន ហ៊ុន សែន សម្រាប់បញ្ចប់សង្រ្គាម ប៉ុន្តែឥឡូវអត់មាន ហ៊ុន សែន ទៀតទេ ព្រោះចាស់ដែរហើយ មានកម្លាំងឯណាទៅធ្វើទៀត»។
សម្តេចតេជោ បានបន្ថែមទៀតថា «ប៉ុន្តែយើងមិនទុកដល់ថ្នាក់ហ្នឹងពេកទេ ដោយតម្លៃណាក៏ដោយ អ្នកត្រូវយល់ឱ្យបានថា សន្តិភាពនេះពិបាករកណាស់ ទម្រាំរកបានប្រើមនុស្សអស់រាប់ជំនាន់ ហើយស្លាប់មនុស្សអស់ច្រើនណាស់។ ជំនាន់អាមេរិកាំង អស់មនុស្សជាងកន្លះលាននាក់ ដែលស្លាប់ របួស និងពិការ។ ជំនាន់ប៉ុលពត អស់មនុស្សជាង៣លាននាក់ ទម្រាំមានសន្តិភាពប៉ុណ្ណេះ មិនមែនឱ្យអ្នកឯងបំផ្លាញលេងៗទេ»។
សម្តេចតេជោ ហ៊ុន សែន បានរំលេចទៀតថា «មើលចុះ នៅប្រទេសលីប៊ី ស៊ីរី អ៊ីរ៉ាក់ តើលទ្ធផលបានមកស្អី? គឺការស្លាប់រាល់ថ្ងៃ ហ្នឹងហើយការសន្យា។ ចង់សម្លាប់ សាដាម ភូសេនមួយ តើពេលនេះកើត សាដាម ភូសេន ប៉ុន្មានហើយ នៅទូទាំងប្រទេសអ៊ីរ៉ាក់ ចង់សម្លាប់កាដាហ្វីមួយ តើកើតកាដាហ្វីប៉ុន្មាន ហើយស្លាប់មនុស្សអស់ប៉ុន្មាន ចង់ផ្តួលរបបអាសាដមួយ តើឥឡូវប្រជាជនស៊ីរីស្លាប់ប៉ុន្មាន? ឥឡូវចង់សម្លាប់ ហ៊ុន សែន មួយ ចង់ផ្តួល ហ៊ុន សែន មួយ តើនឹងមានស្អីនៅខាងមុខ?»។
កាលពីពេលថ្មីៗនេះ ប្រធានគណបក្សសង្រ្គោះជាតិប្រចាំនៅខេត្តលីយ៉ុង ប្រទេសបារាំង ឈ្មោះ លី ពឿង បានអំពាវនាវឱ្យពលរដ្ឋនិងអ្នកគាំទ្ររូបគេ ងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទោះបីជាដឹងថា រដ្ឋាភិបាលនេះកើតចេញពីការ បោះឆ្នោតស្របច្បាប់ក៏ដោយ។
គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការអំពាវនាវនេះ គឺជាការចោទប្រកាន់ដ៏ខ្មៅងងឹត ធ្វើឱ្យប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា និងសេចក្តីថ្លៃថ្នូរបស់ក្រុមគ្រួសារ សម្តៅញុះញង់ឱ្យមានការរើសអើង ស្ពប់ខ្ពើមរវាងខ្មែរនិងខ្មែរ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្កភាពបែកបាក់សង្គម ដែលគំរាមកំហែងដល់សន្តិភាពនៅកម្ពុជា។
យ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះដែរ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាពប្រឆាំងដាច់ខាត បដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដីកម្ពុជាបានឡើយ។
នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានបន្តថា កងយោធពលខេមរភូមិន្ទ ត្រូវការពារប្រជាពលរដ្ឋ ឲ្យរស់នៅក្នុងភាពសុខដុមរមនា និងការពារ រាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលការពារសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចំរើនរបស់សង្គមជាតិ សំដៅប្រមួលផ្ដុំ សក្ដានុពលទាំងឡាយ ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចំរើនរុងរឿងថែមទៀត៕