(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រកាសដាក់ឲ្យប្រើប្រាស់ សៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» តាមបណ្ដាសាលាជាផ្លូវការហើយ។
ការដាក់ឲ្យប្រើប្រាស់សៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» នេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងអប់រំ និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាច្រើនកុះករ នាសាលាបឋមសិក្សាដូនពេញ។
ការដាក់ឲ្យប្រើប្រាស់សៀវភៅអប់រំ «តោះ! និយាយពីលុយ» តាមបណ្ដាសាលារៀននេះ ធ្វើឡើងក្នុងគោលបំណងពង្រីក ចំណេះដឹងផ្នែហិរញ្ញវត្ថុ ទៅដល់សិស្សានុសិស្ស ឲ្យយល់ច្បាស់ពីផលិតផលហិរញ្ញវត្ថុ ការជ្រើសរើស និងប្រើប្រាស់ផលិតផល ទាំងនោះឲ្យបានត្រឹមត្រូវ និងជួយការពារអតិថិជន ឲ្យជៀសផុតពីការកេងបន្លំ និងបំណុលវ័ន្ដក។
លោកស្រី នាវ ច័ន្ទថាណា បានឲ្យដឹងថា កម្មវិធីថ្ងៃនេះ បានសបញ្ជាក់ឲ្យឃើញ ពីកិច្ចសហការជិតស្និទ រវាងភាគីពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុ ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុសំបូរបែប និងសមស្រប។
លោកស្រីបន្ដថា មុននឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ ខ្ញុំសូមជម្រាបជូនអង្គពិធីថា ធនាគារជាតិនៃកម្ពុជា បានសហការជាមួយអង្គការ Good Return ធ្លាប់ប្រកាសបើកយុទ្ធនាការមួយឈ្មោះថា «តោះ! និយាយពីលុយ» មានរយៈពេល១២សប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦។ ហើយសម្រាប់យុទ្ធនាការនេះ មានគោលបំណងផ្លាស់ប្តូរឥរិយាបថ ហិរញ្ញវត្ថុ និងពង្រឹងការប្រើប្រាស់សិទ្ធិ របស់គ្រួសារនិងសហគមន៍ ដែលមានចំណូលទាប និងងាយរងគ្រោះ ដែលក្នុងនោះ ក្រុមគោលដៅគឺជា យុវជនមានអាយុចាប់ពី១៥ឆ្នាំ ឡើងទៅដែលរស់នៅ តាមទីក្រុងនិងជនបទ។
យុទ្ធនាការនេះជំរុញយុវជន ឲ្យចាប់ផ្តើមពិភាក្សាអំពីលុយជាមួយ ក្រុមគ្រួសារនិងមិត្តភក្តិ ដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្ត បានប្រសើរជាងមុន ក្នុងការប្រើប្រាស់ ឬចាត់ចែងលុយកាក់ទៅអនាគត ។
លោកស្រី ជា សិរី បានឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» ដែលជាឯកសារអំណានបន្ថែម សម្រាប់ក្មួយៗកុមារដែលមានអាយុចាប់ពី៨-១២ឆ្នាំ ។ សៀវភៅអប់រំផ្នែកហិរញ្ញវត្ថុនេះ ចងក្រងឡើង ដោយមានជំនួយបច្ចេកទេសពីអង្គការដៃគូផ្សេងដូចជា World Education Cambodia ដែលចំណាយពេលជិតមួយឆ្នាំ ដើម្បីចងក្រងសៀវភៅនេះឡើង សៀវភៅអប់រំនេះគឺជាសៀវភៅ ដែលមានលក្ខណៈកំសាន្ដអារម្មណ៍ ប៉ុន្ដែបង្កប់ដោយន័យអប់រំឲ្យចេះគ្រប់គ្រងលុយកាក់។
លោកស្រីបន្ដថា «សៀវភៅអប់រំនេះ គឺសម្រាប់យើងទាំងអស់គ្នា ព្រោះគោលបំណងរបស់យើង គឺចង់ផ្លាស់ប្ដូរទម្លាប់របស់អ្នកប្រើប្រាស់ សេវាធនាគារ ពិសេសប្រជាជនដែលមានចំណូលទាប និងងាយរងគ្រោះឲ្យចេះគ្រប់គ្រងលុយកាក់ និងមានសេចក្ដីក្លាហាន ក្នុងការលើកយកបញ្ហាលុយមកពិភាក្សា។ ហេតុដូច្នេះទើបយើងយល់ថា អ្នកដែលអាចធ្វើឲ្យប្រជាជនទាំងនោះជឿជាក់ គឺកូនៗរបស់គាត់ដែលមានវត្តមាននៅទីនេះ»៕