(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលជំនាញបង្រ្កាបគ្រឿងញៀន នៃស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី បានបើកយុទ្ធនាការធ្វើការបង្រ្កាបទីតាំងខារ៉ាអូខេ មួយកន្លែងយីហោ «បឹងកាឡូ» ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ជាលទ្ធផលកម្លាំងនគរបាលជំនាញឃាត់ខ្លួនមនុស្ស៤នាក់ និងថ្នាំញៀន២កញ្ចប់។

លោក ឡេវ ប៉ុន នាយរងការិយាល័យគ្រឿងញៀនខេត្ត បានប្រាប់ថា កម្លាំងសមត្ថកិច្ចជាច្រើនដឹកនាំដោយ លោក ម៉ី អាន ស្នងការរងខេត្តមណ្ឌលគិរី បានធ្វើការឡោមព័ទ្ធទីតាំងខារ៉ាអូខេខាងលើ ឃាត់ខ្លួនមនុស្សប្រុសចំនួន៤នាក់ ថ្នាំញៀនចំនួន២កញ្ចប់ និងជញ្ជីងថ្លឹង១។

នាយរងការិយាល័យរូបនេះ បានបន្តថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការឆែកឆេរទីតាំងនេះបន្តទៀត ហើយមនុស្ស និងវត្ថុតាង កម្លាំងនគរបាលកំពុងនាំខ្លួនទៅកាន់ស្នងការ។

លោកពុំទាន់អាចអះអាងបញ្ជាក់ពីទីតាំងនេះ ឲ្យបានច្បាស់នៅឡើយទេ គ្រាន់តែច្បាស់ថា «ខារ៉ាអូខេនេះគ្រប់គ្រងដោយ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី»