(គូឡាឡាំពួរ)៖ រដ្ឋអាជ្ញានៃប្រទេសម៉ាឡេស៊ី នឹងធ្វើការចោទប្រកាន់ទៅលើស្រ្តីជនជាតិវៀតណាមម្នាក់ និងស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ពីបទមនុស្សឃាត ជុំវិញការសង្ស័យថាស្រ្តីទាំងពីរនាក់នេះមានជាប់ពាក់ព័ន្ធនៅក្នុងករណីឃាតកម្មលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីពាក់កណ្តាលខែកុម្ភៈនេះ។ នេះបើតាមសម្តីរបស់អគ្គរដ្ឋអាជ្ញានៃប្រទេសអាស៊ានមួយនេះ ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានខាងលើ អគ្គរដ្ឋអាជ្ញាម៉ាឡេស៊ីលោក Mohamed Apandi Ali បានថ្លែងបញ្ជាក់ថា ស្រ្តីដែលកំពុងជាប់ឃុំខ្លួនទាំងពីរនាក់ នឹងត្រូវប្តឹងក៏ដូចជាចោទប្រកាន់ជាផ្លូវការនៅថ្ងៃពុធសប្តាហ៍នេះហើយ យោងតាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌដែលនឹងទទួលការកាត់ទោសប្រហារជីវិត។
គួរបញ្ជាក់ថាលោក គីម ជុងណាំ ដែលធ្លាប់បានធ្វើការរិះគន់របបដឹកនាំនៃក្រុមគ្រួសាររបស់លោករួមទាំងបងប្រុសម្តាយទីទៃគឺលោក គីម ជុងអ៊ុន ត្រូវបានគេលួចធ្វើឃាតនៅក្នុងរដ្ឋធានីគូឡាឡាំពួរកាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ បន្ទាប់ពីស្រ្តីទាំងពីរនាក់ដែលជាជនសង្ស័យខាងលើ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីអះអាងថាយកសារធាតុគីមីពុល VX ដែលអង្គការសហប្រជាជាតិបានចាត់ថ្នាក់ថា ជាអាវុធប្រល័យលោកដ៏សាហាវមួយប្រភេទនោះ ទៅលើផ្ទៃមុខរបស់លោក គីម។ ហើយបើយោងតាមបណ្តាមន្រ្តីកូរ៉េខាងត្បូងវិញ អំពើឃាតកម្មនេះគឺជាស្នាដៃរបស់ភ្នាក់ងារចារកម្មរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ខណៈនាពេលកន្លងទៅនេះម៉ាឡេស៊ីបានកំណត់ថាជនជាតិកូរ៉េខាងជើងចំនួន០៨នាក់ទៀត មានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតនេះ៕